ករណីលិចកប៉ាល់ទ័ពជើងទឹកថៃ អ្នករស់រានមានជីវិតម្នាក់ត្រូវបានជួយសង្គ្រោះនៅឈូងសមុទ្រថៃ
បាងកក៖ នាវិកម្នាក់ត្រូវបានគេរកឃើញនៅមានជីវិត កាលពីថ្ងៃអង្គារ នៅក្នុងឈូងសមុទ្រថៃ បន្ទាប់ពីរយៈពេលពីរយប់ នៃការលិចនាវាកងទ័ពជើងទឹក ជាហេតុនាំឲ្យមានការសង្ឃឹមដល់ក្រុមគ្រួសារនៃមនុស្សរាប់សិបនាក់ផ្សេងទៀតដែលនៅតែបាត់ខ្លួន។
ជាសរុបមកទល់ពេលនេះ នាវិកចំនួន ៧៦ នាក់ដែលបានមានវត្តមាននៅលើកប៉ាល់ HTMS Sukhothai ត្រូវបានដឹកចេញពីសមុទ្រ បន្ទាប់ពីកប៉ាល់បានលិច កាលពីល្ងាចថ្ងៃអាទិត្យ នៅចម្ងាយប្រហែល ៣៧ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេស។
កងទ័ពជើងទឹកបាននិយាយថា អ្នកជួយសង្គ្រោះក្នុងឧទ្ធម្ភាគចក្រ យន្តហោះពីរគ្រឿង និងនាវាចំនួនបួនគឺ HTMS Kraburi, HTMS Angthong, HTMS Naresuan និង HTMS Bhumibol Adulyadej កំពុងស្វែងរកនាវិក ២៩ នាក់ទៀត ដែលបាត់ខ្លួន។
មេបញ្ជាការកងទ័ពជើងទឹក Pichai Lorchusakul បានបញ្ជាក់ កាលពីរសៀលថ្ងៃអង្គារថា ពួកគេបានរកឃើញអ្នកនៅរស់រានមានជីវិត ដោយមាន “សុខភាពល្អ” ហើយឈ្មោះថា Chananyu Gansriya អាយុ ២៣ ឆ្នាំមកពីខេត្ត Loei ។
លោកបាននិយាយថា “ខ្ញុំជឿថានេះគឺជាដំណឹងល្អដែលយើងអាចស្វែងរកមនុស្សបន្ថែមទៀត” ប៉ុន្តែគាត់មិនបានបញ្ចេញព័ត៌មានណាមួយបន្ថែមទៀតអំពីការជួយសង្គ្រោះនោះទេ។ កងទ័ពជើងទឹកបានរាយការណ៍ដំបូងថា មនុស្ស ១០៦ នាក់នៅលើកប៉ាល់ ប៉ុន្តែបានកែប្រែតួលេខនោះចុះមកត្រឹម ១០៥ នាក់ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។
កិច្ចខិតខំប្រឹងប្រែងស្វែងរកនាវិកដែលបាត់ខ្លួនត្រូវបានផ្តោតលើការស្វែងរកតាមអាកាស ដោយមានកងទ័ពអាកាសថៃជួយដល់ប្រតិបត្តិការនេះ ដែលរងការរំខានពី ខ្យល់បក់ខ្លាំង។ ប្រភពពី AFP, ដោយ៖ សារ៉ាត