ជំនន់ភ្លៀង នៅម៉ាឡេស៊ីបង្ខំមនុស្សជាងប្រាំមួយម៉ឺននាក់ ឱ្យចេញពីលំនៅឋានទៅនៅកន្លែងសុវត្ថិភាព

គូឡាឡាំពួ៖ ជនរងគ្រោះដោយទឹកជំនន់ជាង៦៦ ០០០ នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋចំនួនប្រាំក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ខែធ្នូបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារួចមក។

ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីBernama បានរាយការណ៍ថា ជនរងគ្រោះដោយទឹកជំនន់សរុបចំនួន៦៦ ៧១៨ នាក់ត្រូវ បានកត់ត្រានៅមជ្ឈមណ្ឌលសង្គ្រោះ ដោយចំនួនអ្នករងគ្រោះ នៅតែបន្តកើនឡើង នៅក្នុងខេត្ត Terengganu, Kelantan និង Pahang ។

យោងតាមទិន្នន័យតាមដានទឹកជំនន់របស់រដ្ឋាភិបាល កម្រិត ទឹកនៃទន្លេសំខាន់ៗជាច្រើនរួមមាន Sungai Golok និង Sungai Lebir ក្នុងរដ្ឋ Kelantan ឡើងដល់កម្រិតប្រកាស អាសន្នឬគ្រោះថ្នាក់។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយកាល ពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ដល់ខេត្ត Kelantan និង Terengganu ហើយទឹកននោះនឹងហូរឆ្ពោះទៅ Pahang, Johor និងភាគខាងលិច Sarawak ។

ទិន្នន័យចុងក្រោយ ពីនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MET Malaysia) បង្ហាញពីរលកទីពីរនៃខ្យល់មូសុងឦសាន ដែលពីមុនត្រូវបានព្យាករណ៍ថានឹងអូសបន្លាយពីថ្ងៃទី១៧ខែធ្នូ ដល់ថ្ងៃទី២១ខែធ្នូ។ ប៉ុន្តែឥឡូវនេះត្រូវបានព្យាករណ៍ ថា នឹងបន្តរហូតដល់ថ្ងៃទី២៥ខែធ្នូ។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានប្រសាសន៍ថា ៖«រាជរដ្ឋាភិបាលបានស្នើឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមតំបន់ដែលប្រឈមទាំងអស់ត្រូវត្រៀមខ្លួនចំពោះស្ថានការណ៍ទឹកជំនន់»។

លោកជំរុញឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ក្រោយភ្លៀងធ្លាក់ ដូចជារញ្ជួយដី ដែលអាចនាំមកនូវហានិភ័យនៃការបាក់ដី ជាពិសេសនៅតំបន់ក្បែរភ្នំ។

របាយការណ៍អាជ្ញាធរម៉ាឡេស៊ីបង្ហាញថា គិតត្រឹមម៉ោង២ រសៀល ថ្ងៃអង្គារទី២០ខែធ្នូ មនុស្សសរុបចំនួន ៩២ ១៥៧ នាក់មកពី ២៥ ៦៣៥គ្រួសារ ត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌល សង្គ្រោះនៅទូទាំងរដ្ឋចំនួន១១ចាប់តាំងពីខ្យល់មូសុងបានវាយប្រហារប្រទេសកាលពីដើមខែវិច្ឆិកា។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងត្រូវដាក់ពង្រាយ ដើម្បីជួយសម្រួលដល់ការបញ្ជូនជំនួយ និងការផ្គត់ផ្គង់ នានាទៅ ដល់ជនរងគ្រោះដោយទឹកជំនន់។

យោងតាមលោក Armizan រដ្ឋាភិបាលម៉ាឡេស៊ីក៏បាន បើកដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការទឹកជំនន់ (PKOB) ដែលគ្រប់គ្រងដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិ (NADMA) និងភ្នាក់ងារផ្សេងទៀតដែលនឹង ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។

ក្រុមហ៊ុនផ្លូវដែក Keretapi Tanah Melayu Berhad (KTMB) បានប្រកាសការផ្លាស់ប្តូរសេវាកម្មរថភ្លើង Ekspres Rakyat Timuran និង Shuttle Timuran របស់ខ្លួនក្នុង តំបន់ឆ្នេរភាគខាងកើតដែលរងគ្រោះដោយទឹកជំនន់។ មធ្យោបាយដឹកជញ្ជូនសារធារណៈមួយចំនួនក៏នឹងត្រូវផ្អាកខណៈក្រុមហ៊ុនដឹកជញ្ជូនជូនដំណឹងឱ្យអតិថិជនដែលទិញសំបុត្ររួច ទៅប្ដូរយកប្រាក់វិញ៕
ដោយៈវណ្ណ ស័ក្ដិ

ads banner