សហរដ្ឋអាមេរិក និងចិន បន្តប្រឈមមុខដាក់គ្នាជុំវិញ បញ្ហា តំបន់សមុទ្រចិនខាងត្បូង
ម៉ានីល៖ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានញុះញង់ឱ្យមានជម្លោះរវាងហ្វ៊ីលីពីននឹងទីក្រុងប៉េកាំងកាន់តែខ្លាំង។ នេះជាការ ឆ្លើយតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ទីក្រុងវ៉ាស៊ីនតោនដែលថាចិនតែងមានចរិតបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង។
គួរដឹងដែរថា សមុទ្រចិនខាងត្បូងគឺជាតំបន់មួយក្នុងចំណោម តំបន់ សំខាន់ៗជាច្រើនទៀតដែលចិន និងសហរដ្ឋអាមេរិក កំពុងមានការខ្វែងគំនិតគ្នា ដូចជាកោះតៃវ៉ាន់ និងសង្គ្រាមនៅ អ៊ុយក្រែនជាដើម។ ទីក្រុងវ៉ាស៊ីនតោនតែងតែច្រានចោលចំពោះការទាមទាររបស់ទីក្រុងប៉េកាំងនូវអធិបតេយ្យភាពដែនសមុទ្រចិនខាងត្បូង ដែល ជាតំបន់សម្បូរទៅដោយប្រភពនៃធនធានធម្មជាតិ។
ទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងទៅនឹងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែធ្នូ ដោយអ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋ អាមេរិកលោក Ned Price បានសម្តែងការព្រួយ បារម្ភលើការរាយការណ៍ថា មានការកើនឡើងនូវចំនួននាវា របស់ចិនជាច្រើន ធ្វើដំណើរនៅលើផ្លូវទឹកដែលកំពុងមាន ជម្លោះ។ គួររម្លឹកថា កាលពីខែមុន ចិនត្រូវបានចោទប្រកាន់ពីបទរឹបអូស យកកម្ទេចគ្រាប់រ៉ុក្កែតពីកងទ័ពជើងទឹកហ្វ៊ីលីពីនដោយបង្ខំ ស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង។
លោក Price បានលើកឡើងថា៖ «សកម្មភាពរបស់ចិនឆ្លុះ បញ្ចាំងពីការបន្តមិនផ្ដល់ការគោរពដល់ប្រទេសដែលកំពុងទាមទារដែនសមុទ្រចិនខាងត្បូងដទៃទៀត និងប្រទេសដែលកំពុង មាន ប្រតិបត្តិការដោយស្របច្បាប់នៅក្នុងតំបន់នេះ»។ លោកបានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកឈរនៅ ខាង ហ្វ៊ីលីពីនជានិច្ច ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយ ផ្អែក លើគោលការណ៍ច្បាប់អន្តរជាតិ»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិននៅទីក្រុងម៉ានីល បានបញ្ជាក់ឱ្យដឹងថា «វាជារឿងធម្មតាដែលប្រទេសជិតខាង មានភាពខុសគ្នា»។
ក្នុងសេចក្ដីថ្លែងការណ៍នោះក៏បានបន្ថែមផងដែរថា «សហរដ្ឋ អាមេរិកនៅតែបន្តជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង និងព្យាយាមញុះញង់ឲ្យមានជម្លោះរវាងប្រទេសក្នុងតំបន់ បង្កើតឲ្យមានភាពតានតឹង និងប៉ះពាល់ដល់សន្តិភាព និង ស្ថិរភាពក្នុងតំបន់។ អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺមិនមែនដើម្បីជួយប្រទេសណាមួយនោះទេ ប៉ុន្តែគឺដើម្បីបម្រើផលប្រយោជន៍ភូមិសាស្រ្ត នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ប្រទេសចិនបានទាមទារកាន់កាប់តំបន់ស្ទើតែ ទាំងស្រុងនៃសមុទ្រចិនខាងត្បូង ដែលវាបានត្រួតលើគ្នា ជាមួយ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីន។ សមុទ្រចិនខាងត្បូងជាផ្លូវទឹកនៃលំហូរពាណិជ្ជកម្មរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងដែលសម្បូរទៅដោយកន្លែងនេសាទ និងឧស្ម័នធម្មជាតិ។
កាលពីសប្តាហ៍មុន ប្រទេសហ្វ៊ីលីពីនក៏បានសម្តែងការព្រួយ បារម្ភ យ៉ាងខ្លាំងលើសេចក្តីរាយការណ៍ដែលបានឱ្យដឹងថា នាវារបស់ចិនយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
ហេតុការណ៍នោះបានកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងការបរទេសហ្វ៊ីលីពីន បានធ្វើការតវ៉ាតាមផ្លូវការទូតជុំវិញ បញ្ហានាវាឆ្មាំឆ្នេរសមុទ្រចិនដែលយោធាហ្វ៊ីលីពីនបានអះអាងថា បានប្រើប្រាស់កងកម្លាំងដើម្បីរឹបអូសយកបំណែក នៃ គ្រាប់រ៉ុក្កែតដែលអណ្តែតនៅលើសមុទ្រ ដែលកំពុងត្រូវ បានអូសដោយនាវារបស់ហ្វ៊ីលីពីន។
ចំណែក ប្រទេសចិនបានបដិសេធថា ខ្លួនមិនបានរឹបអូសយក បំណែកនៃគ្រាប់រ៉ុក្កែតនោះដោយប្រើកងកម្លាំងឡើយ ដោយ បាន លើកឡើងថាកាលពីខែមុន បំណែកនោះជាកម្ទេចកម្ទី ដែលធ្លាក់ពីស្រោមការពារច្រមុះរបស់យានអវកាសដែលបានបាញ់បង្ហោះដោយទីក្រុងប៉េកាំងតែប៉ុណ្ណោះ៕
ដោយ៖ធា សុខណា