អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនឈ្មួញទិញលក់ដី បញ្ជូនទៅតុលាការ ពីបទ (ឆបោកប្រាក់ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់)
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួន ឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆបោក (លើទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់) សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូង បើកការស៊ើសួរ លើជនសង្ស័យឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ពាណិជ្ជករ (ឈ្មួញរកស៊ីទិញលក់ដីធ្លី) មាន ទីលំនៅភូមិកោះក្រពើ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាប់ថា ការចាប់បញ្ជូនខ្លួន ឈ្មួញទិញលក់ដីធ្លីម្នាក់ខាងលើនេះ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ាម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិចកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស៤នាក់ ថា កាលពីអំឡុងឆ្នាំ២១៤-២០១៥ ពួកគេបានឃុបឃិតគ្នា លក់ដីខ្យល់មួយកន្លែងទំហ៊ុ ៤៦ ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ ក្នុងតម្លៃ ៧៣ ៦០០ ០០០ ដុល្លារអាមេរិក។
ក្រោយមកឈ្មួញទាំង៤នាក់នោះ បានលក់ដីមួយកន្លែងទៀត អោយទៅអ្នកឧញ៉ាដដែល ដែលមានទំហ៊ុជិត១០ហិកតា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៣ ៩៣០ ០០០ដុល្លារអាមេរិក ដោយអះអាងថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ។ នៅពេលទិញលក់ដីធ្លីនោះ អ្នកឧកញ៉ាដើមបណ្តឹង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឱ្យទៅមនុស្សទាំង៤នាក់ សរុបចំនួន ៦១ ១៤៥ ០០០ដុល្លារអាមេរិក។
បន្ទាប់ពីទទួលបានលុយរួចហើយ ឈ្មួញទាំង៤នាក់ បានអូសបន្លាយពេលវេលាពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ មិនបានធ្វើការចុះបញ្ជីកម្មសិទ្ធិដីធ្លីស្របច្បាប់ឱ្យទៅអ្នកទិញតាមកិច្ចព្រមព្រៀងទិញលក់នោះទេ និងចេះតែគេចវេសមិនជួបជាមួយម្ចាស់ប្រាក់ទៀតផង ដល់ពេលគេតាមស្រាវជ្រាវជាក់ស្តែងទៅ ដីនោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយបាត់ទៅហើយ ពោលគឺជនទុច្ចរិតទាំង៤នាក់ បានឃុបឃិតគ្នាលក់ដីខ្យល់។
សូមបញ្ជាក់ផងដែរថា យោងទៅតាមពាក្យបណ្តឹង ឯកសារពាក់ពន្ធ និងកិច្ចព្រមទិញលក់ដីធ្លី ដែលកំណត់បានអត្តសញ្ញាណជនទាំង៤នាក់ ពិតជាជនឆបោក ដូច្នេះសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យកម្លាំងជំនាញ (មន្ត្រីគរបាលយុត្តិធម៍) បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ គឺឈ្មោះ ឈន បូរ៉ា ជាឈ្មួញលក់ដីខ្យល់បានប្រាក់រាប់សិបលានដុល្លារអាមេរិក រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់តាមផ្លូវច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី