ប្រតិបត្តិការវាយឆ្មក់កងទ័ពប៉ាគីស្ថាន សម្លាប់ក្រុមសកម្ម ប្រយុទ្ធ ២៥ នាក់
អ៊ីស្លាម៉ាបាដ៖ កងទ័ពប៉ាគីស្ថានបាននិយាយថា កងកម្លាំង សន្តិសុខរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់-ប៉ាគីស្ថាន (TTP) ចំនួន ២៥ នាក់ ក្នុងចំណោម ៣៥ នាក់ នៅមជ្ឈមណ្ឌលប្រឆាំងភេរវកម្មនាភាគពាយព្យនៃទីក្រុង Bannu ខណៈចំណាប់ខ្មាំងម្នាក់ និងកងកុម្ម៉ង់ដូ ពីរនាក់ ក៏បានស្លាប់នៅក្នុងប្រតិបត្តិការជាមួយគ្នា ដើម្បីដណ្តើម បរិវេណទីឃុំឃាំងនោះមកវិញ។
ប្រតិបត្តិការរបស់កងទ័ពប៉ាគីស្ថាន ធ្វើឡើងបន្ទាប់ពីក្រុម សកម្ម ប្រយុទ្ធដែលជាប់ឃុំខ្លួន បានគ្របគ្រងបរិវេណនៃ មជ្ឈមណ្ឌល ប្រឆាំងភេរវកម្មនោះនៅថ្ងៃអាទិត្យ ក្រោយ ពីដណ្ដើមអាវុធពី ពួកសួរចម្លើយ ដែលនាំឱ្យមានការឡោមព័ទ្ធ ពីកម្លាំងយោធា ប៉ាគីស្ថាន របស់ពេលពីថ្ងៃ មុនពេលមេបញ្ជាការកងទ័ពចូល វាយឆ្មក់បរិវេណមជ្ឈមណ្ឌលនៅថ្ងៃអង្គារ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានបង្ហោះសារនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «ការងើបឡើងវិញនៃអំពើភេរវកម្ម បង្កការគំរាមកំហែងជាថ្មី ដល់ សន្តិសុខជាតិរបស់យើង។
កងកម្លាំងសន្តិសុខដ៏ក្លាហានរបស់យើងមានសមត្ថភាពពេញលេញក្នុងការដោះស្រាយជាមួយនឹងការគំរាមកំហែងនេះ»។
អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ Ahmed Sharif បានថ្លែងទៅកាន់ទូរទស្សន៍ក្នុងស្រុក Geo News នៅល្ងាចថ្ងៃ អង្គារថា ជនសកម្មប្រយុទ្ធ៧នាក់ក្នុងចំណោម ៣៥ នាក់បាន ចុះចាញ់ ហើយ៣នាក់ទៀតដែលព្យាយាមរត់គេចត្រូវបាន ចាប់ខ្លួន។ លោកបន្តថា ចំណាប់ខ្មាំងម្នាក់ជាមន្ត្រីសន្តិសុខ បានស្លាប់ក្នុងពេលវាយឆ្មក់។
កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ លោក Khawaja Asif បាននិយាយថា ពួកសកម្មប្រយុទ្ធទាំងអស់ត្រូវបានសម្លាប់ ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្រោយ មកបានបំភ្លឺថា កងទ័ពនឹងផ្តល់តួលេខចុងក្រោយ និងព័ត៌មានលម្អិតនៃប្រតិបត្តិការ។
ការផ្ដល់ព័ត៌មានរបស់លោក Ahmed Sharif គឺជាការធ្វើ បច្ចុប្បន្នភាពចុងក្រោយ ដោយលោកបានគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខមជ្ឈមណ្ឌលប្រឆាំងភេរវកម្មពីរនាក់ត្រូវបានសម្លាប់នៅពេលក្រុម TTP ដណ្ដើមការគ្រប់គ្រងមជ្ឈមណ្ឌល ហើយបន្ទាប់មកមេបញ្ជាការ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ខណៈ កងកម្លាំង ១០ នាក់ ក្នុងនោះមានមន្ត្រី៣នាក់ បានរងរបួស។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ TTP គឺជាក្រុមរដ្ឋអ៊ិស្លាម និកាយស៊ុននី និងក្រុមនិកាយ ដែលមានទំនាក់ទំនងជាមួយ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយប្រយុទ្ធនឹងយោធា ប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយ សហរដ្ឋអាមេរិក ឈ្លានពានអាហ្វហ្គានីស្ថានដោយទម្លាក់ការ ដឹកនាំរបស់ពួកតាលីបង់នៅឆ្នាំ ២០០១ ដែលធ្វើ TTP រត់ឆ្លងព្រំដែន ចូលអាហ្វហ្គានីស្ថាន។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ TTP បានបង្កើនការវាយ ប្រហាររបស់ខ្លួន ក្រោយប្រកាសបញ្ចប់បទឈប់បាញ់ជាមួយ ទីក្រុងអ៊ីស្លាម៉ាបាដដែលសម្រេចឡើងក្រោមការសម្របសម្រួលរបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន កាលពីខែមុន៕ ដោយ៖ ហួន ឌីណា