កម្ពុជានឹងផ្តល់ការគាំទ្រដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ កម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ ការបង្ហាញពីការគាំទ្រនេះ បានធ្វើឡើងននៅក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានិងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។

ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្រ្តនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកប ដោយសន្តិវិធី។

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកប ដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗ ពីមីយ៉ាន់ម៉ាស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្ត 5PC ផងដែរ។ អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើវិធីសាស្រ្តជាក់ស្តែងដែលអាចពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាចជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកវិញនូវភាពប្រក្រតី និងសន្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែពុំមានពេលវេលា និងពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែធ្នូ ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ម៉ីយ៉ាន់ម៉ាទេ ដោយសារពុំមានពេលវេលា ហើយក៏ពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។ ហើយការលុបចោលដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រទេសមីយ៉ាន់ម៉ា គឺដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានធ្វើដំណើរទស្សនកិច្ចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួនពីរលើក ដោយលើកទី១ ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ៕
ដោយ៖ពលជ័យ

ads banner