រដ្ឋមន្រ្តីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះកម្មវិធី ពង្រឹង សមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍បួនឆ្នាំមកនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងរយៈពេលជាងបួនឆ្នាំ ដែលកម្ពុជាបានដាក់ឱ្យអនុវត្ត កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ គឺបាន ចូលរួមជាផ្លែផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស ជួយស្តារវិស័យទេសចរណ៍ក្នុងអំឡុងពេលទទួលរងឥទ្ធិពលកូវីដ១៩ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ដែល បាន ចេញផ្សាយនៅថ្ងៃនេះ។

ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំ “សិក្ខាសាលា ផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍” (TCBP) ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌីន ប៊ូស្សេ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើង តាមរយៈសេចក្តីប្រកាសព័ត៌មានថា ក្រោយការដាក់ឱ្យអនុវត្ត អស់រយៈពេលជាងបួនឆ្នាំ កន្លងមកនេះ ឃើញមានសមិទ្ធផល សំខាន់ៗជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខ័ណ្ឌនៃកម្មវិធី ដែលបានចូលរួមជាផ្លែផ្កាដល់ការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសអំឡុងពេលទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពី វិបត្តិជំងឺកូវីដ១៩ សកម្មភាពជាច្រើនរបស់ TCBP ត្រូវបាន បង្វែរមកចូលរួមដល់ការខិតខំស្តារ និងជំរុញកំណើន ទេសចរណ៍ ឡើងវិញពីវិបត្តិ ស្របតាមការចង្អុលបង្ហាញនៅក្នុង «ផែនទីចង្អុល ផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានផ្ដល់ហិរញ្ញប្បទានឥណទាន ក្នុងទំហំទឹកប្រាក់ចំនួន ១១លាន អឺរ៉ូ សម្រាប់សាងសង់សាលាជាតិវិជា្ជជីវៈទេសចរណ៍ ចំនួនពីរ ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបាន ប្រារព្ធ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថា៖« ការផ្តល់ហិរញ្ញប្បទានឥត សំណង សម្រាប់ការអនុវត្តកម្មវិធីពង្រឹងសមត្ថភាព ពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ (TCBP) នេះ ផ្សារភ្ជាប់ នឹងគម្រោង សាង សង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គឺជាសក្ខីភាពដ៏សំខាន់ មួយ ទៀតនៃការគាំទរបស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យ ទេសចរណ៍ កម្ពុជា។

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចាត់ទុកការអនុវត្តគម្រោងទាំង ឡាយនេះថា ជាសក្ខីភាពមួយ ទៀតនៃការចូលរួមរបស់ប្រទេសបារាំងក្នុងការជួយដល់វិស័យសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។ លោក ជឿជាក់ថា ផ្លែផ្កានៃការ អនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ (TCBP) នេះ នឹងជួយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ ប្រតិបត្តិករ ទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន និងជួយ ផ្សព្វផ្សាយ ពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោក កាន់តែទូលំទូលាយ ដែលជាប្រយោជន៍ឆ្ពោះទៅការងើបឡើង វិញនៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃ ក្រសួងទេសចរណ៍ និងជានាយកកម្មវិធី TCBP បានឱ្យដឹងថា ជាលទ្ធផលកម្មវិធី TCBP នេះបានអនុវត្តលើសកម្មភាពចំបងៗ ចំនួន១៨ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ក្រសួង ទេសចរណ៍ ក្នុងការអនុវត្តគោល នយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ការពង្រឹងសមត្ថភាពវិស័យ ឯកជន ក្នុងវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវ និងការអនុវត្ត គម្រោងគំរូ។

ឯកឧត្តមបានឱ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុង វិស័យទេសចរណ៍បាន ចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២ ពោលគឺមានរយៈពេលបួនឆ្នាំកន្លះ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ដោយមានការចូលរួមធាតុចូល និងសម្របសម្រួលពីអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិ និង នាយកដ្ឋាន ជំនាញពាក់ព័ន្ធចំណុះឱ្យក្រសួងទេសចរណ៍ ការ គាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និង រដ្ឋបាលរាជធានី-ខេត្ត ការចូលរួមពីវិស័យឯកជន និង មន្ទីរទេសចរណ៍រាជធានី-ខេត្ត។

គួរបញ្ជាក់ផងដែរថា ក្រោមក្របខណ្ឌនៃកម្មវិធី TCBP បានអនុវត្ត សកម្មភាពជាច្រើន ដូចជា ការសិក្សាស្រាវជ្រាវជាច្រើន ដែលត្រូវ យកមកប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ ទាំងនៅថ្នាក់ជាតិ ថ្នាក់ ក្រោម ជាតិ និងនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងការអភិវឌ្ឍ ថ្នាលបច្ចេកវិទ្យា គាំទ្រដល់ការកសាងទេសចរណ៍ឆ្លាតនៅកម្ពុជា រួមជាមួយការរៀបចំក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិ វិជ្ជាជីវៈសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ និងសមាគម ឧស្សាហកម្មទេសចរណ៍៕
ដោយ៖ឡាយ សាមាន

ads banner