សម្ដេចក្រឡាហោម ៖ រាជរដ្ឋាភិបាលកម្ពុជាបង្កលក្ខណៈ និងផ្ដល់ការគាំទ្រដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាម ក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗ ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា
ខេត្តកណ្ដា ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារអ៊ិស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរសប្បុរសជនខ្មែរអ៊ិស្លាមទាំងក្នុង និងក្រៅប្រទេស ដែលបានរួមវិភាគទានចូលរួមគាំទ្រដំណើរការសាងសង់សមិទ្ធផលនេះ និងកោតសរសើរបងប្អូនខ្មែរអ៊ិស្លាមទូទាំងប្រទេសដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើន និងរុងរឿង។
សម្ដេចបន្តថា ការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ ៕ដោយ-រ៉ាវុធ







