កងកម្លាំងមួកខៀវកម្ពុជា តែងដឹក ទឹកស្អាតរាប់ពាន់លីត្រ ទៅចែក ជូនប្រជាពលរដ្ឋក្រីក្រអាហ្វ្រិកកណ្តាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជារៀងរាល់ខែកងកម្លាំងមួកខៀវកម្ពុជា ដែលបេសកកម្ម អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល តែងតែ នាំយកទឹកស្អាតចំនួនបួនពាន់លីត្រ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ អាហ្វ្រិកកណ្តាលចំនួន១២០គ្រួសារ នៅតំបន់ប្រៀរ ដែលមានការ ខ្វះ ខាត ទឹកស្អាតប្រើប្រាស់។

វរសេនីយ៍ទោ ឡាំ ទេព មេបញ្ជាការរងកងអនុសេនាធំសំណង់ វិស្វកម្ម បានដឹកនាំកងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្ម អង្គការ សហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន១៥នាក់ នាំយកទឹកស្អាតចំនួនបួនពាន់លីត្រ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ អាហ្វ្រិកកណ្តាលចំនួន១២០គ្រួសារ នៅតំបន់ប្រៀរ ដែលមានការ ខ្វះខាត ទឹកស្អាតប្រើប្រាស់។

លោក ឡាំ ទេព បានឱ្យដឹងទៀតថា ៖ «ជារៀងខែកងកម្លាំងមួក ខៀវកម្ពុជា ក្នុងបេសកកម្មនៅក្នុងប្រទេសនេះ តែងតែចុះចែក ទឹកស្អាតដល់ប្រជាពលរដ្ឋអាហ្រ្វិកកណ្តាល ដោយសម្លឹងឃើញថា ពួកគាត់មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងមានការចង្អុល បង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព»។

ក្នុងដំណើរចុះចែកទឹកស្អាតខាងលើនេះ ក៏មានការផ្តល់ថវិកា និង ផ្លែឈើ ដល់ពលរដ្ឋចាស់ជរាចំនួនប្រាំនាក់ដែលកំពុងមាន ជំងឺ ប្រចាំកាយ ដើម្បីជាការងារទំនាក់ទំនងល្អរវាងកម្លាំងMinusca និងប្រជាជននៅក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ ពេល នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន ៨ ៤៧៥ នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការ សហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។

ប្រទេសទាំងនោះ រួមមាន៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល, សាយប្រឺស និងយ៉េមែន ហើយ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹង កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិក កណ្តាល។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោស សម្អាត មីន និងកាកសំណល់សង្គ្រាម បានលើកឡើងជារឿយៗ ទៅដល់ កងកម្លាំងទាំងអស់ដោយកងកម្លាំងទាំងត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថាន ការណ៍ ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេច បានជោគជ័យជូនជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា ៖ «ត្រូវចង ចាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាង អង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌល ជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់ កិត្តិយស ជាតិជាចម្បង»៕
ដោយ៖នាង សុគន្ធា

ads banner