អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារកូនភ្លោះបី គ្រួសារទី៣៩៣ និងគ្រួសារទី៣៩៤
ភ្នំពេញ៖ គ្រួសារកូនភ្លោះបី ចំនួន២គ្រួសារផ្សេងគ្នា ទទួលបានអំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារៗ ទទួលបានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ ៥ គីឡូក្រាម សារុង២ និងក្រម៉ា២ ដូចៗគ្នា។
ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ធ្នូ អញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋសំរាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃ គ្រួសារកូនភ្លោះបី ដែលកំពុងសំរាកថែទាំសុខភាពនៅក្នុងមជ្ឈមណ្ឌលគាំពារមាតា និងទារក និងមួយគ្រួសារទៀតនៅមន្ទីរពេទ្យកុមារជាតិ។
គ្រួសារទី១ ប្រសូត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ជាកូនលើកទី៣ មានប្រុស២នាក់ ស្រីម្នាក់ ដែលមានឪពុកឈ្មោះ ផុន ពៀច អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ និងម្តាយឈ្មោះ ន្បុថ សាឡេម អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅរស់នៅភូមិតាំងរលា ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តម សេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន៣៩៣ និង ៣៩៤គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ ឯកឧត្តមជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំយកអំណោយដ៏សប្បរសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារកូនភ្លោះបី គ្រួសារទី២ ដែលកំពុងសំរាកថែទាំសុខភាពទាំងមាតា និងទារក ក្នុងមន្ទីរពេទ្យកុមារជាតិ។ គ្រួសារកូនភ្លោះទី២នេះ ប្រសូត្រកូនទី១នៅលើម៉ូតូផាសអាប់ មានទម្ងន់១,៨គីឡូក្រាម ដោយឡែកកូនទី២ និងកូនទី៣ ប្រសូត្រតាមបែបធម្មជាតិ ក្រោមការជួយជ្រោមជ្រែងពីក្រុមគ្រួពេទ្យជំនាញឯកទេស នៃមន្ទីរពេទ្យកុមារជាតិ។ ទារកភ្លោះទាំងបីនាក់នោះ ប្រសូត្រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ប្រុសទាំងបី ជាកូនលើកទី២ របស់ឪពុកឈ្មោះ យ៉ាវ យ៉ា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ មី សុជាតា អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ។ អ្នកទាំងពីរមានទីលំនៅរស់នៅភូមិទួលដូនគាំ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។ ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារក មិនទាន់មានភាពល្អប្រសើរ ដោយសារកូនត្រូវរក្សាក្នុងកែវបំប៉នសុខភាព ឯកឧត្តម ជំនួយការផ្ទាល់បានធ្វើការផ្តាំផ្ញើជូនដល់ក្រុមគ្រូពេទ្យឯកទេស បន្តយកចិត្តទុកដាកតាមដានសុខភាពជូនដល់គ្រួសារកូនភ្លោះបីនាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំងសុខភាពក្នុងមន្ទីរពេទ្យឲ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ ៕ ដោយ វណ្ណលុក