កម្ពុជា នឹងមានគ្រូភាសាចិន ជាជនជាតិខ្មែរ ដែលប្រកបដោយ គរុកោសល្យ ក្នុងរយៈពេលបីឆ្នាំទៀត
ភ្នំពេញ៖បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជានឹងមានគ្រូបង្រៀនភាសាចិន ជា ជនជាតិខ្មែរ ដែលប្រកបដោយគរុកោសល្យ ក្នុង រយៈ ពេល បីឆ្នាំទៀត ដើម្បីរួមចំណែកជំរុញការកសាងទំនាក់ទំនង រវាងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។
បណ្ឌិត សុខ ទូច បានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុង ការបន្ត និរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន។
ការថ្លែងបែបនេះ នៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនង កម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតន កោដ្ឋ»ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
បណ្ឌិត សុខ ទូច បានបន្តថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ សភា កម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុង ចំណោម វិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះ បណ្ដាល ធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់ អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។
ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូ បងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ នេះបើតាម លោក សុខ ទូច។
លោកបានបន្តថា ៖ «ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបាន ជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំ សូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ»។
វិទ្យាស្ថានខុងជឺក៏បានសម្រេចឲ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន កម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួម ចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និង ការ បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅ ក្នុង ពិភពលោកនៃសាកលភាវូបនីយកម្ម។
បន្ថែមពីនេះ បណ្ឌិត សុខ ទូច ក៏បានបញ្ជាក់ទៀតថា ៖ «ដោយសារ កម្ពុជានិងចិនគឺជាមិត្តដែកថែប ជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិត ទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុច ចម្បងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូរ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ឱ្យដឹងដែរថា នៅក្នុង ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់ គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនា ពេល កន្លងមកនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់ នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។
តាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេច នូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេលបីឆ្នាំខាងមុខ។
ទាក់ទងរឿងនេះ លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌល ប្រជាពល រដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា ការ បណ្ដុះបណ្ដាលភាសាចិន ជាគ្រូង្រៀនជនជាតិខ្មែរ មិនបាច់ ប្រើពេលទៅដល់រយៈពេលបីឆ្នាំឡើយ ពីព្រោះបច្ចុប្បន្ននេះ មានគ្រូបង្រៀនជាជនជាតិខ្មែរមួយចំនួន បានក្លាយជា គ្រូបង្រៀនភាសាចិនស្រាប់ហើយ៕
ដោយ៖ជា សុខនី