រដ្ឋមន្រ្តីក្រសួងការងារអំពាវនាវដល់អ្នកលេងបណ្តាញសង្គមចូលរួមផ្សព្វផ្សាយសមិទ្ធផលនានា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអំពាវនាវដល់អ្នកលេង បណ្តាញ សង្គម ចូលរួមផ្សព្វផ្សាយព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលនាំ ឱ្យមានការភាន់ច្រឡំ ដែលធ្វើប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ។

ការលើកឡើងរបស់រដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ បណ្តាញ សង្គម ហ្វេសប៊ុក(FACEBOOK )នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានសិក្ខាកាមចូលរួម ចំនួន ៥៧០នាក់ មកពី ១៤ សហភាពសហជីព។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា នៅលើបណ្តាញផ្សព្វផ្សាយ សង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួន កំពុងបំភាន់ មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះឯកឧត្តមចង់ឱ្យអ្នកលេងបណ្តាញសង្គមត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុង និងក្រៅប្រទេស បានយល់ដឹងនិង ចូលរួមចំណែកក្នុងការការពារសមិទ្ធផលអស់ទាំងនេះ ឱ្យស្ថិតស្ថេរ គង់វង្ស។

លោកបញ្ជាក់ថា៖« ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក បណ្ដាញ សង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលនិងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវ ឱ្យ គ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួនដើម្បី ទទួល ព័ត៌មាន និងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ»។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារ ឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និង ផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។ ឯកឧត្តមថ្លែងថា៖« ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់ បច្ចេកវិទ្យា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើ ឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ទទួល បាននូវការ សិក្សា បច្ចេកវិទ្យា ការអប់រំប្រកបដោយ គុណភាព និងសមត្ថភាព ដើម្បី ឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន»។

ឯកឧត្តម អ៊ិត សំហេង សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងមាន សមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វ ផ្សាយព័ត៌មាន និងសមិទ្ធផលនានា ខណៈលោកជំរុញដល់ សិក្ខាកាម ដែលចេះប្រើប្រាស់ហេ្វសប៊ុកធ្វើជាមធ្យោបាយ ដើម្បី វាយបកឬបកស្រាយបំភ្លឺសាធារណៈមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញសង្គម ផ្សេងៗឱ្យបានទាន់ពេលវេលា។

សូមជមា្របថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យ សិក្ខាកាមបានយល់ដឹងអំពី បច្ចេកទេសនៃការប្រើប្រាស់ ប្រព័ន្ធ បណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត ថិកថុក(Tiktok) ការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ ការចុះ បដិសេធ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា។ ការផ្សព្វផ្សាយ សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និង សាធារណជន ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិនគួរជឿ ការរៀបចំខ្លឹមសារ សរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយ ប្រសិទ្ធភាពជាដើម៕ ដោយ៖ ឡាយ សាមាន

ads banner