ផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នឹងបើកការដ្ឋានកែលំអរនៅព្រឹកស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ផ្លូវជាតិលេខ៤១ នឹងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយ តភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងតែងតែទទួលរងការខូចខាត និងទ្រុឌទ្រោម ដោយជំនន់ទឹកភ្លៀង រៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ នឹងត្រូវសាងសង់លើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ តាមស្ដង់ដារចិនកម្រិត២។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការរួមមាន៖ ពង្រីកស្ពានចាស់ មួយកន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner