មន្រ្តី បរិស្ថាន និង អង្គការWWF សោកស្តាយចំពោះការបាត់បង់ សត្វផ្សោត ទន្លេជាបន្តបន្ទាប់ និង អំពាវនាវ ឱ្យ ពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់

ភ្នំពេញ: អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF-កម្ពុជា) បាន អំពាវនាវ ដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ ធ្វើការ ប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឲ្យជៀសផុត ពីការ ស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើង បន្ទាប់ ពី សត្វផ្សោតទី១១ ក្នុង ឆ្នាំនេះ បានរកឃើញ ស្លាប់កាល ពី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែលធ្វើ ឱ្យ រយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានផ្សោត សរុបចចំនួន ២៩ ក្បាល ហើយ បានបាត់បង់ជីវិតក្នុង ប្រទេស កម្ពុជា ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ អង្គការWWF នៅ រសៀលថ្ងៃទី ២៥ ខែធ្នូ បាន ឱ្យ ដឹងថា កាលពីថ្ងៃទី២៤ សត្វផ្សោ តដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះ ទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។
ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។

នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានឱ្យដឹងថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើ ម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។

លោកបាន លើកឡើងទៀតថា ៖ «សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ ថ្ងៃ ផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់»។

លោក សេង ទៀក បានសង្កត់ធ្ងន់ថា ៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ ហើយ ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត»។

បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀតឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។ នេះបើតាម លោក សេង ទៀក។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួង បរិស្ថាន បាន បង្ហាញ ពី ការសោកស្តាយ ចំពោះ ការ បាត់ បង់ ជាបន្តបន្ទាប់របស់សត្វផ្សោតទឹកសាបនេះ។

ឯកឧត្តមបាន ឱ្យដឹងថា ៖ «ខ្ញុំ ពិតជាគួរឱ្យសោកស្តាយបំផុត ពេលទទួលដំណឹងពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទឹកសាបនេះ។ សត្វផ្សោតនេះជាសត្វផ្សោតដែលមានសុខភាពល្អទីបីហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត»។

សត្វ ផ្សោត ត្រូវបាន ចាត់ទុកថា ជា បេតិកភណ្ឌ ជាតិ មានជីវិត របស់ ប្រទេស កម្ពុជា ហើយ ចំនួន របស់ វា មាន ត្រឹមតែ ប្រមាណ ៨៩ ក្បាល ប៉ុណ្ណោះ ដែល រស់នៅក្នុង ទន្លេមេគង្គ ចាប់ពី ខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ។ សត្វផ្សោតទឹកសាបទន្លេមេគង្គ គឺជាធនធានជីវៈចម្រុះមួយដែលស្ថិតក្នុងបញ្ជីនៃតម្លៃដ៏វិសេសវិសាលនៃតំបន់ដងទន្លេមេគង្គដែលក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថានកំពុងរៀបចំឯកសារដាក់ស្នើចូលក្នុងបញ្ជីត្រៀមសម្រាប់បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ។

ឯកឧត្តម នេត្រ ភក្ត្រា បាន បញ្ជាក់ថា ៖ «នាពេល កន្លងមក ក្នុង យុទ្ធនាការ អន្ទាក់ សូន្យ ខ្ញុំបានលើកឡើងថា យុទ្ធនាការ អន្ទាក់ សូន្យ នេះ មិនមែន ផ្តោត តែ លើ អន្ទាក់ នៅលើ ដី លើ អាកាស ទេ តែ ក៏បាន ផ្តោតលើ អន្ទាក់ ក្នុង ទឹក ផងដែរ ។ ខ្ញុំ សូម អំពាវនាវ ដល់ ប្រជាពលរដ្ឋ កុំ ចូលទៅ តំបន់ ដែល ហាមឃាត់ កន្លែង អ ភិរក្ស សត្វ ផ្សោត ពីព្រោះ យើង នៅសល់តែ ៨៩ ក្បាល ទេ ប្រ សិនបើ វា បន្ត ស្លាប់ និង មានកូន កើត មិនបាន ច្រើន នៅពេល ណាមួយ យើង នឹង បាត់បង់ វា »។
ជាមួយគ្នានេះ លោក សេង ទៀក ក៏ បានបញ្ជាក់ដែរថា ៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។

យោង តាម អង្គការ WWF បាន ឱ្យដឹងថា រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរ ក្សសត្វផ្សោត។ ហេតុដូចនេះ ហើយទើបធ្វើ ឱ្យ ពួកវា ងាយ រង គ្រោះ យ៉ាង ខ្លាំងដោយការ នេសាទ ខុស ច្បាប់។ គឺក្នុងអំឡុងពេ ល នេះហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។

សត្វ ផ្សោត ដែល បានស្លាប់ នេះ ជាសត្វផ្សោត ញី ពេញវ័យមាន ប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុ ចន្លោះ ពី ៧ ទៅ ១០ ឆ្នាំ និងមាន ទម្ងន់ ប្រហែល៩៣ គីឡូក្រាម។ ជា រៀងរាល់ឆ្នាំ សត្វ ផ្សោត ជាច្រើន ក្បាល រកឃើញ ងាប់ ដែល ខ្លះ ជាប់ មង ប្រជា នេសាទ និង ខ្លះទៀត អាចមកពី ការ ឆក់ ដូចនេះ ត្រូវ ចូលរួម អភិរក្ស សត្វ ផ្សោត កម្ពុជា និង អភិរក្ស ជីវចម្រុះ ផ្សេងទៀត ដើម្បី កម្ពុជា រក្សាបាន នូវ តម្លៃ ធម្មជាតិ សកល សម្រាប់ ការរៀបចំ បញ្ជី តំបន់ អភិរក្ស ទាំងនេះ សម្រាប់ ស្នើ ដាក់ ជា បញ្ជី ត្រៀម « បេតិកភណ្ឌ ធម្មជាតិ ពិភពលោក » របស់ អង្គការ យូណេស្កូ ។

សូមរំឮកដែរថា សត្វផ្សោតចំនួនពីរក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ ក្នុងនោះ សត្វផ្សោតញីពេញវ័យមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀតត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សត្វផ្សោតពេញវ័ញទាំងពីរក្បាលនេះស្លាប់ដោយសារជាប់នឹងមងនេសាទ៕
ដោយ:ជា សុខនី

ads banner