ប្រមុខ អ.ស.ប មើលឃើញភាពតានតឹងបន្ថែមទៀត ក្រោយតាលីបង់ហាមឃាត់ស្រ្តីមិនឱ្យធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាល
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស បានសម្តែងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់រដ្ឋបាលគ្រប់គ្រងដោយតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលហាមឃាត់ស្ត្រីមិនឱ្យធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (NGOs)។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់តាលីបង់នឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការជាច្រើននៅទូទាំងប្រទេស ក្នុងការជួយអ្នកដែលងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារី។
អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន រួមទាំងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ កំពុងជួយជនជាតិអាហ្វហ្គានីស្ថានជាង ២៨លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត ។
ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានលទ្ធភាពពេញលេញ សុវត្ថិភាព និងគ្មានការរារាំងសម្រាប់បុគ្គលិកផ្តល់ជំនួយទាំងអស់ ក្នុងនោះរួមមានស្ត្រីផងដែរ។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ការហាមប្រាមស្ត្រីដែលធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជួយសង្គ្រោះជីវិត និងជីវភាពរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងបង្កឱ្យមានការលំបាកបន្ថែមទៀតដល់ប្រជាជនអាហ្វហ្គានីស្ថាន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា