ពិធីចេញម្លប់ ជាពិធីមានលក្ខណៈប្រពៃណីដូចពិធីមង្គលការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពិធីចេញម្លប់នេះមានលក្ខណៈពិធីច្រើនយ៉ាងណាស់ខុស ពីពិធីចូលម្លប់។ ប៉ុន្តែវត្ថុបំណងគឺបំពេញលក្ខណ៍គម្រប់ឱ្យកូនស្រី។ ឆ្លងតាមរយៈការបញ្ចូលម្លប់គ្រប់តាមកាលកំណត់ហើយ មាតាបិតា នៃកូនស្រីបានរើសរកពេលវេលាសម្រាប់បញ្ចេញម្លប់កូនស្រី។ ពេលដឹងថ្ងៃជោគសិរីមង្គលហើយ គ្រួសារទាំងអស់រវល់ដើររកភស្តុភារ និងអញ្ជើញញាតិមិត្តដូចរៀបមង្គលការដែរ។

កម្មវិធីនៃដំណើរការនេះមានរយៈពេលពីរថ្ងៃមួយយប់ដូចពិធីមង្គលការដែរ។ នៅថ្ងៃដំណើរការដំបូងចាប់ពីពេលព្រឹករហូតដល់ថ្ងៃត្រង់ មានតែការទទួលញាតិមិត្តជិតខាងនិងការលៀងភោជនាហារប៉ុណ្ណោះ។ បើតាមការរៀបរាប់អំពីធីចេញម្លប់ពីលោកអាចារ្យមង្គល សំណាង សំណាក់ ថាពិធីនេះមានពិធីតូចៗជាច្រើនចាប់ពីពេលរសៀលទៅ មានពិធីជាហូរហែបន្តបន្ទាប់ដូចជា ពិធីកាត់សក់ ដែលជាពិធី លើកដំបូងបំផុតត្រូវបញ្ចេញកូនស្រីមកកាត់សក់ គឺចេញពីបន្ទប់ នៅក្នុងផ្ទះដែលចូលម្លប់។ បន្ទាប់ពីការកាត់សក់លាបប្រេងម្សៅហើយ នាងត្រូវវិលចូលទៅក្នុងបន្ទប់វិញ។ ពេលកាត់សក់ភ្លេងកំដរ នូវ បទសារិកាកែវ។

បន្ទាប់មកពិធីសូត្រមន្ត ដែលសាច់ញាតិជាស្ត្រីភេទម្នាក់ ដែល ត្រូវបានទទួលស្គាល់ថា ខ្ពង់ខ្ពស់មានចរិយាសម្បត្តិល្អ ត្រូវទៅបន្ទាប ដឹកដៃនាងឱ្យចេញមកទទួលទឹកមន្ត និងធម៌លើករាសីពីព្រះសង្ឃ។ រួចពីពិធីសូត្រមន្តហើយ ចូលដល់ពិធីសែនព្រេន គឺនៅពេលព្រលប់ រៀបចំពិធីសែនដូនតាម្ចាស់ទឹកម្ចាស់ដី។

លោកអាចារ្យ សំណាង សំណាក់ បានលើកឡើងទៀតថា ពិធីបុកល័ក្ត ដែលពិធីនេះគេធ្វើនៅពេលយប់ បន្ទាប់ពីការពិសា អារហារហើយ ដែលប្រកបដោយពិធីជាហូរហែបន្តបន្ទាប់ទៀត។ ពិធីទៅរកល័ក្ត ជាពិធីបន្ទាប់មួយទៀត ដែលពិធីនេះដំណើរ ការ ដោយអ្នកភ្លេងជារបៀបកំប្លែងធ្វើជាទៅរកល័ក្ត ក្នុងព្រៃជួបសត្វតាឱ ដេញទិចស្ទុះរត់ច្រឡោតជាន់គ្នារញេរញៃ។

ចំណែកពិធីកាត់ត្បាល់ ជាពិធីដែលដំណើរការដោយអ្នកភ្លេងដែរ គេធ្វើជាទៅក្នុងព្រៃរកឈើល្អមកធ្វើត្បាល់ថ្មី ស្របតាមកូនស្រី ដែលចេញពីម្លប់ដែរ។ ឯពិធីបុកល័ក្តវិញ ពិធីនេះធ្វើឡើងដើម្បី យកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍ឱ្យកូនស្រី។ គេឱ្យកុមារីព្រហ្មចារី ៤ នាក់មកបកក្រមរល័ក្តចេញពីមែកឈើ រួចប្រគល់ជូនតាអាចារ្យ ទៅដាក់ក្នុងត្បាល់ ហើយអ្នកភ្លេងជាអ្នកដើរតួបុកល័ក្តរហូតដល់ល្អិត ទើបកាយដាក់ផ្តិលប្រគល់ជូនតាអាចារ្យវិញ។

លោកអាចារ្យ សំណាង សំណាក់ បានបន្តរៀបរាប់នូវពិធីមួយចំនួនទៀតដូចជា ពិធីធ្វើធ្មេញ ដែលតាអាចារ្យយកល័ក្តទៅដាំស្ងោរនៅកណ្តាលផ្ទះជាមួយសម្បកស្បែង និងផ្លែសំបួរមាស ។ ស្ងោរ ដោយឆ្នាំងថ្មី ចង្ក្រានថ្មី ដោយរម្ងាស់ចេញជាតិពណ៌ក្រហមស្រស់ បានយកទៅឱ្យសាមីខ្លួនស្រីបៀម ។ នៅពេលមានចំហាយទឹកអាចារ្យយកសំឡីផ្តិតចំហាយទឹកស្ងោរល័ក្តមកលាប ធ្មេញឱ្យកូនស្រីដែលចេញពីម្លប់ ដោយប្រសិទ្ធពរឱ្យទឹកល័ក្តនេះធ្វើឱ្យនាងក្លាយជាស្រីគ្រប់លក្ខណ៍ពេញបរិបូរណ៍។

អ្នកទីទ័លក្រ មិនមានលទ្ធភាពរៀបពិធីចេញម្លប់ឱ្យកូនស្រី អាចយកកូនស្រីខ្លួនមកចូលរួមធ្វើធ្មេញបំពេញលក្ខណ៍ជាមួយកូនស្រីអ្នកមានដែលចេញពីម្លប់តាមការយល់ព្រម។
ចំណែកពិធីដេកអង្កររាប គឺពិធីនេះមានលក្ខណៈដូចពិធីកោរជុកដែរ ប្រសិនបើមានរៀបចំពិធីកោរជុកហើយនោះមិនបាច់ក៏បានដែរ តែត្រូវភ្ញាក់ពេលទៀបភ្លឺរង់ចាំទទួលពេលា ដើម្បីសំពះព្រះអាទិត្យ។ នៅមុនពេលនាងចេញពីបន្ទប់នោះមកកាន់កន្លែងពិធី ត្រូវស្លៀកពាក់ដូចកូនក្រមុំពេលរៀបមង្គលការ ដៃកាន់បាយព្រលឹងមកអង្គុយលើកម្រាលព្រំដែលមានញាតិមិត្តរង់ចាំឱ្យពរជ័យ។

អាចារ្យសូត្រប្រកាសបួងសួងហើយចាប់ផ្តើមបង្វិលពពិលចំនួន ១៩ជុំ ញាតិសន្ដាននាំគ្នាចងដៃដោយអំបោះ ព្រមទាំងប្រាក់កាស ដើម្បីជូនពរ និងភ្ជាប់ព្រលឹងឱ្យនាង។ លុះចប់ហើយញាតិមិត្តដឹកដៃកូនស្រីទៅក្នុងបន្ទប់វិញ។

ពិធីសាកន្ទេលនិងលក់កន្ទេល គឺអ្នកភ្លេងច្រៀងរាំបណ្តើរឆ្កឹះរមូរកន្ទេលដែលកូនស្រីអង្គុយសំពះ បង្វិលពពិលនោះបណ្តើរ ហើយយកដាក់លើស្មា។ គេច្រៀងលក់កន្ទេលរៀបរាប់ថាលក់ឱ្យចំពោះតែអ្នកមាននិស្ស័យ និងអានុភាព។ អ្នកមានវាសនា ពេលយកទៅក្រាលដេកកើតមាសកើតប្រាក់ ទ្រព្យសម្បត្តិ។ ពេលនោះសាមីខ្លួនត្រូវចេញមកសុំទិញហើយសន្មតថា ចប់ពិធីលក់កន្ទេល។

លោកអាចារ្យសំណាង សំណាក់ បានប្រាប់ថា ៖ «គេយកល័ក្តដែលបារទុកខ្លះពីការធ្វើធ្មេញនោះឱ្យកូនស្រីយកទៅកប់នឹងចបជីកថ្មីនៅលើដីភូមិណាដែលឪពុកម្តាយបម្រុងចែកឱ្យជាកេរដំណែល និងដាំដើមចេក ដើមអំពៅមួយដើមៗពីលើ ដើម្បីជានិមិត្តរូបថា ជីវិត និងការរស់នៅក្នុងសុភមង្គលផ្អែមដូចផ្លែចេក និងដើមអំពៅដែរ។ ចាប់ពីពេលនេះទៅនាងអាចដើរចេញក្រៅបន្ទប់ទៅណាមកណាបានដោយសេរីហើយ»។

ពេលដែលសាកសួរថាតើការពិធីបញ្ចេញម្លប់នេះមានគោលបំណងអ្វីនោះ លោកអាចារ្យ សំណាង សំណាក់ មានប្រសាសន៍បង្ហាញយ៉ាងណាដូច្នេះថា ៖ «ពិធីបញ្ចេញម្លប់មានគោលបំណងសំខាន់ដើម្បីបង្ហាញប្រាប់ញាតិមិត្តថា កូនស្រីបានសិក្សារៀនសូត្រពីច្បាប់ស្រី កិច្ចការមេផ្ទះ និងមានលក្ខណៈគ្រប់គ្រាន់អាចបំពេញតួនាទីជាកូនស្រី ជាភរិយា ជាម្ដាយសម្រាប់គ្រួសារ ហើយស្ត្រីល្អសម្រាប់សង្គមជាតិ»។

លោកបន្ថែមបញ្ជាក់ថា ពិធីបញ្ចេញម្លប់ ខ្មែរដើមមានធ្វើពិធីធំដុំ សូមកុំច្រឡំថាការចូលម្លប់ថាជាពិធី ព្រោះការចូលម្លប់ម្ដាយឪពុកយុវតីគ្រាន់តែជម្រាបសាច់ញាតិដូនតាជិតដិតប៉ុណ្ណោះ មិនអាចបង្ហាញទៅអ្នកដទៃដូចពិធីបញ្ចេញម្លប់នោះទេ៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner