មជ្ឈមណ្ឌលវេជ្ជសាស្រ្ដអិនធើឃែរ ប្រារព្ធខួបពីរឆ្នាំនៃការផ្តល់សេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពនៅកម្ពុជា

ភ្នំពេញ៖ លោក Jason Harrison អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare បានមានប្រសាសន៍ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលការចាប់ផ្តើមដំបូងនេះ ជាគ្លីនិកអនុវត្តទូទៅ ហើយបានរីកចម្រើនជាមួយនឹងសេវាកម្ម ដូចជាការពិនិត្យសុខភាព មជ្ឈមណ្ឌលចាក់វ៉ាក់សាំង ការពិគ្រោះយោបល់ និងក្រោយមកប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលរូបភាពវេជ្ជសាស្រ្ត និង មន្ទីរពិសោធន៍ ដែលធ្វើការធ្វើតេស្តពិនិត្យសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការថែទាំ។

អ្នកគ្រប់គ្រងទូទៅរូបនេះបន្តថា ចាប់តាំងពីការបង្កើតឡើងមក មជ្ឈមណ្ឌលបានផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា និងអ្នកជំងឺបរទេសរាប់ពាន់នាក់ ដោយផ្តល់ការថែទាំសុខភាព និងការព្យាបាលដ៏ត្រឹមត្រូវតាមតម្រូវការរបស់ពួកគេ។

លោក Jason Harrison បន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ Intercare បានរីកចម្រើន រហូតក្លាយជាមជ្ឈមណ្ឌលឈានមុខគេមួយក្នុងប្រទេសកម្ពុជា សម្រាប់សេវាវេជ្ជសាស្រ្ត និងថែទាំសុខភាព ដោយផ្តោតលើការបម្រើអ្នកជំងឺគ្រប់ប្រភេទ និងសហគមន៍ និង ស្វាគមន៍អ្នកជំងឺរបស់យើងដោយភាពស្មោះត្រង់ ការគោរព និងការយកចិត្តទុកដាក់ក្នុងការផ្តល់ឱ្យពួកគេនូវការព្យាបាលដែលពួកគេសមនឹងទទួលបាន។

លោក Jason Harrison បានបញ្ជាក់ទៀតថា មន្ទីរពេទ្យក៏ផ្តល់ការថែទាំឯកទេសក្នុងផ្នែកដូចជាការអនុវត្តទូទៅ ពេទ្យកុមារ សម្ភព រោគស្ត្រី និងការកែសម្ផស្ស ហើយបច្ចុប្បន្នបានពង្រីកការផ្តល់សេវាសង្រ្គោះបន្ទាន់ ២៤ម៉ោងក្នុងមួយសប្តាហ៍ ដែលបើកនៅដើមខែធ្នូនេះ។

មិនតែប៉ុណ្ណោះ ឆាប់ៗនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare នឹងមានមជ្ឈមណ្ឌលជំងឺមហារីក ដែលនឹងមានបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំងចំនួនបួន (ICU) និងបន្ទប់ថែទាំអ្នកជំងឺបេះដូងចំនួនពីរ។ នាយកដ្ឋានវះកាត់របស់យើង និងសម្ភព នឹងបើកក្នុងពេលឆាប់ៗនេះដែរ ពោលគឺនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣ ដែលមានលោកវេជ្ជបណ្ឌិត Haiko van der Marel ជាប្រធានវេជ្ជបណ្ឌិត៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner