អង្គការធំៗ នៅអាហ្វហ្គានីស្ថានផ្អាកសកម្មភាពក្រោយតាលីបង់ បង្ខំឱ្យអង្គការទាំងនោះបញ្ឈប់បុគ្គលិកជាស្ត្រីមិនឱ្យបម្រើការងារ

កាប៊ុល៖ ទីភ្នាក់ងារជំនួយអន្តរជាតិចំនួនបួនរួមទាំងអង្គការ សង្រ្គោះកុមារ(Save the Children )បានលើកឡើងក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យនេះថាខ្លួនកំពុងផ្អាកកម្មវិធីមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីឆ្លើយតបទៅនឹង បទបញ្ជារបស់រដ្ឋបាលគ្រប់គ្រងដោយពួកតាលីបង់ ក្នុងការបញ្ឈប់ បុគ្គលិកស្រីពីការងារ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋាភិបាលតាលីបង់បានបញ្ជាឱ្យអង្គការ ក្នុងស្រុក និងបរទេសទាំងអស់មិនអនុញ្ញាតឱ្យបុគ្គលិកស្រីចូលធ្វើការ រហូតដល់មានការផ្សាយដំណឹងពីពួកតាលីបង់ម្តងទៀត។ យោងទៅតាមសម្តីរបស់រដ្ឋាភិបាលតាលីបង់បានអោយដឹងថា ការបញ្ឃប់ការងារនេះគឺជារឿងសមហេតុផលមួយដោយសារបុគ្គលិកស្រីមួយចំនួនមិនបានប្រកាន់ខ្ជាប់ជាមួយនិងច្បាប់ស្លៀកបំពាក់អ៊ីស្លាម។

អង្គការបរទេសចំនួនបីរួមមាន Save the Children ក្រុមប្រឹក្សាជន ភៀសខ្លួនន័រវេស និងអង្គការ CARE International បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេកំពុងផ្អាកកម្មវិធីរបស់ខ្លួន ខណៈដែលពួកគេកំពុងរង់ចាំស្ថានការណ៍ច្បាស់លាស់អំពីបទបញ្ជារបស់រដ្ឋបាលតាលីបង់នេះ។ សរបញ្ជាក់ឱ្យដឹងថា ក្តីសង្ឃឹមនិង តម្រូវការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនអាចងើបមុខរួចនោះទេ បើសិនជាគ្មានការខិតខំប្រឹងប្រែងរបស់មនុស្សស្រី ប្រជាជន ទាំងអស់និងជួបប្រទះកង្វះខាតបើគិតចាប់តាំងពីខែសីហាឆ្នាំមុនមក ។ អង្គការ Save the Children ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស និងអង្គការ CARE International ក៏បានលើកឡើងពីឥទ្ធិពលនៃ ការហាមប្រាមបុគ្គលិកស្រីរាប់ពាន់នាក់ក្នុងការបំពេញការងារដែលអាចបណ្តាលអោយប្រទេសប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងជាងនេះទៅទៀត។

ដោយឡែកពីនេះ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏កំពុងផ្អាកសេវាកម្ម នៅក្នុងក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើកឡើងពីហេតុផលស្រដៀងគ្នាទៅនិងអង្គការខាងលើនេះដែរ។ IRC បានបន្ថែមទៀតថា ខ្លួនមានបុគ្គលិកជាង ៨០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលក្នុងចំណោមបុគ្គលិកទាំងអស់មាន ៣ ០០០ នាក់ជាស្ត្រីបម្រើ ការងារ។

មុននេះបន្តិច ទីភ្នាក់ងារជំនួយអន្តរជាតិ AfghanAid ក៏បាន និយាយថា ខ្លួនបានផ្អាកប្រតិបត្តិការភ្លាមៗបន្ទាប់ពីបានពិគ្រោះ ជាមួយអង្គការផ្សេងទៀត ហើយអង្គការក្រៅរដ្ឋាភិបាលផ្សេង ទៀត និងចាត់វិធានការស្រដៀងគ្នានេះដែរ។

ការផ្អាកកម្មវិធីជំនួយនៅក្នុងប្រទេសនេះមិនត្រឹមតែផ្តល់ផលប៉ះពាល់ទៅលើការងាររបស់ស្ត្រីទេ ថែមទាំងបង្កឱ្យប្រជាជនរាប់លាន នាក់ អត់ឃ្លាន ដោយសារពួកគេរស់នៅពឹងផ្អែកលើជំនួយមនុស្សធម៌ ពីបរទេស ជាពិសេសសម្រាប់រដូវរងារនេះ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ លោក Zabihullah Mujahid បានវាយបកចំពោះការរិះគន់នេះ ដោយអះអាងថា ស្ថាប័នទាំងអស់ដែលចង់ប្រតិបត្តិការនៅក្នុង ប្រទេស អាហ្វហ្គានីស្ថាន ត្រូវតែគោរពតាមច្បាប់របស់ពួកគេ។ លោក Mujahid បានបង្ហោះសារនៅលើ Twitter ឆ្លើយតបទៅនឹងសេចក្តី ថ្លែងការណ៍របស់ក្រុមបេសកកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានថា “យើងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយពាក្យរិះគន់ ឬធ្វើការគំរាមកំហែងទាក់ទងនឹងការសម្រេចចិត្តរបស់មេដឹកនាំរបស់យើងក្រោមស្លាកនៃជំនួយមនុស្សធម៌នោះទេ” ។

សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលបានផ្តល់ជំនួយមនុស្សធម៌ធំជាងគេដល់ប្រទេសអាហ្វហ្គានីស្ថាន៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖
Save the Children, others suspend Afghanistan efforts after Taliban bar on female staff | Reuters

ads banner