ក្រុមការពារតំណែងជើងឯកក្រសួងការងាររកបាន៣ពិន្ទុ នៅថ្ងៃបើកឆាក ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២
ការប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើទី៨ ឆ្នាំ២០២២ បានចាប់ផ្ដើមដំណើរការប្រកួតជឹផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ។ ខណៈក្រុមកីឡាបាល់ទាត់ក្រសួងការងារ និងជាក្រុមការពារតំណែងជើងឯក រកបាន៣ពិន្ទុក្រោយយកឈ្នះក្រុមបាល់ទាត់ក្រសួងពាណិជ្ជកម្ម៣ទល់១ រីឯក្រុមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកឈ្នះ ក្រសួងរ៉ែ និងថាមពល ៤ទល់១ និងក្រុម ក្រសួងបរិស្ថាន យកឈ្នះ ក្រុមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ៣ទល់០ ។ ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានបាល់ទាត់ប្លូ ខណ្ឌខែនសុខរាជធានីភ្នំពេញ។
ឯកឧត្តម សុខ សប្បាយណា ប្រធានគណកម្មការបាល់ទាត់យុវជនអន្តរក្រសួងស្ថាប័ន បានអោយដឹងថា ពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡា ដើម្បីសុខភាព។ លើសពីនេះទៅទៀត កម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោក កីឡាក្នុងសន្តិភាព។
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសថា ពានរង្វាន់បាល់ទាត់នេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈកាលេងកីឡា រវាងមន្រ្តីរាជការ យុវជនតាមក្រសួងស្ថាប័ន ជាពិសេសលើកកម្ពស់វិស័យកីឡាបាល់ទាត់អោយកាន់តែរីកចំរើននៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រីឯលទ្ធផលការប្រកួតវិញ ក្រុមកីឡាបាល់ទាត់ក្រសួងការងារ និងជាក្រុមការពារតំណែង យកឈ្នះក្រុមបាល់ទាត់ក្រសួងពាណិជ្ជកម្ម ៣ទល់១ , ក្រុមក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ យកឈ្នះ ក្រសួងរ៉ែ និងថាមពល ៤ទល់១ , ក្រមក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចាញ់ក្រុមក្រសួងបរិស្ថាន ០ទល់៣។ចំណែក ២ប្រកួតទៀត ក្រុមក្រសួង ព័ត៌មាន យកឈ្នះរដ្ឋលេខាធិការអាកាសចរស៊ីវិល ៦ទល់៤ និងក្រុមក្រសួងអភិវឌ្ឍជនបទ ចាញ់ក្រសួងសុខាភិបាល ២ទល់៥ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើទី៨ ឆ្នាំ២០២២នេះ មាន៣០ក្រុមមកពីក្រសួង-ស្ថាប័នចូលរួមប្រកួត ចែកចេញជា៨ពូល ក្នុងមួយពូលមាន៤ក្រុម ដោយឡែកពូល G&H មាន៣ក្រុម ហើយក្នុងមួយពូលយក២ក្រុមឡើងទៅវគ្គបន្ត៕ ចាន់ វិចិត្រ