បងប្អូនគ្រិស្តបរិស័ទជាច្រើនបានចូលរួមកម្មវិធីបុណ្យ Merry Christmas 2022 នាសួនមានជ័យ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តមឧកញ៉ា ជា សៀភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យណូអែលនៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រីគ្រិស្តបរិស័ទ ប្រធានអង្គការសមាគម ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវេទិកាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីបុណ្យណូអែលនេះផងដែរក្រុមគ្រិស្តបរិស័ទក្នុងខេត្តបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សរុបចំនួន ១៤ឆ្នាំមកហើយ។ ឯកឧត្ដម សៀ សុភ័ក្រ និង ឯកឧត្តម អ៊ុ រាត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានចូលរួមជាមួយលោកគ្រូអ្នកគ្រូគង្វាល និងបងប្អូនគ្រិស្ទបរិស័ទ ដែលបានរៀបចំពិធីបុណ្យណូអែលរួមគ្នានាពេលនេះ ។
ឯកឧត្តម បន្ដថា បុណ្យណូអែល ជាបុណ្យមួយដែលគ្រិស្តបរិស័ទទូទាំងពិភពលោកតែងតែប្រារព្ធធ្វើឡើងដើម្បីអបអរសាទរចំពោះការប្រសូតមក ជាមនុស្សដើម្បីធ្វើជាកាដូ ក្នុងការជួយសង្គ្រោះមនុស្ស ដែលមានបាប ។
ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពនិងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់សេរីភាពខាងជំនឿនិងប្រតិបត្តិខាងផ្លូវសាសនានិងលក្ខខណ្ឌមិនប៉ះពាល់ ដល់ជំនឿឬសាសនាដទៃទៀត ។
គណៈអធិបតី បានប្រគល់អង្ករដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២០គីឡូក្រាម ៕ ដោយ៖ ឃិន គន្ធា