ឯកឧត្តម ទេព ងន ៖ ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យកើតចេញ ពី”សន្តិភាព” ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោហ៊ុនសែន
ភ្នំពេញ ៖ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យកើតចេញ ពី”សន្តិភាព” ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដា្ឋនសាលា និងសមិទ្ធផលនានា ព្រមទាំងចម្រើនព្រះជន្មព្រះចៅអធិការវត្តព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម ទេព ងន បន្តថា ការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជានៅទូទាំងប្រទេស និងក្រៅប្រទេស ។
ចំពោះសមិទ្ធផលដែលត្រូវសម្ពោធឆ្លងក្នុងពេលនេះ គឺឧបដ្ឋានសាលាថ្មី ១ខ្នង មានទំហំ ២២ម៉ែត្រ គុណ ៣៧ ម៉ែត្រ ជាន់ផ្ទាល់ដី កុដិថ្មី ១ខ្នង មានទំហំ ៨ម៉ែត្រ គុណ ១២ម៉ែត្រ និង ១ខ្នងទៀត ទំហំ ៦ម៉ែត្រ គុណនឹង ៨ ម៉ែត្រ រោងភត្ត ១ខ្នង មានទំហំ ១០ម៉ែត្រ គុណ ២២ម៉ែត្រ និង ក្លោងទ្វារចូលវត្តចំនួន ២ច្រក អមដោយ របងថ្មីប្រវែង ១២៩ម៉ែត្រ។ក្រៅពីសមិទ្ធផលដូចបានជម្រាបជូនខាងលើនេះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើងក្នុងទីវត្តព្រែកជ្រៃ ក្នុងនោះមាន ចាក់ដីបំពេញទីធ្លាវត្តអស់ចំនួន ៥.៣២៥ឡាន ចាក់បេតុងក្នុងបរិវេណវត្តទំហំ ៥.៣១៥ម៉ែត្រក្រឡា, កសាងបន្ទប់ទឹកប្រើប្រាស់ក្នុងវត្តចំនួន ៨បន្ទប់ និងដាំដើមឈើ គ្រប់ប្រភេទក្នុងវត្ត ចំនួន ២.០១៥ដើម រួមទាំងរៀបចំកែលម្អសោភ័ណភាពក្នុងវត្តផងដែរ ហើយបើសរុបជារួមគម្រោងនេះចំណាយបច្ច័យកសាងអស់ចំនួន ៧៦៨.៩៥០ដុល្លារ ៕
ដោយ / ប៊ុន ហុក + គ្រី សម្បត្តិ