IMF ព្យាករណ៍ថា អ៊ុយក្រែនត្រូវការហិរញ្ញប្បទានពីខាងក្រៅយ៉ាងហោចណាស់ ៣៩,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
កៀវ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ ៣៩.៥ពាន់លានដុល្លារអាមេរិក ក្នុងការផ្តល់ហិរញ្ញប្បទានពីខាងក្រៅនៅឆ្នាំក្រោយ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យមានស្ថិរភាព។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា តម្រូវការហិរញ្ញប្បទានសារពើពន្ធពីខាងក្រៅនឹងមានយ៉ាងហោចណាស់ ៣៩.៥ពាន់លានដុល្លារអាមេរិកនៅក្នុងសេណារីយ៉ូកណ្តាល។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ថែមថា នៅក្រោមសេណារីយ៉ូទុទិដ្ឋិនិយម ដែលស្រមៃថា ផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែននឹងធ្លាក់ចុះ ១២.៥ភាគរយនោះ តម្រូវការហិរញ្ញប្បទានបរទេសរបស់ប្រទេសនេះ នឹងមានប្រហែល ៥៧ពាន់លានដុល្លារអាមេរិក។
យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន សឺហ៊ី ម៉ាចឈិនខូ ការផ្តល់ហិរញ្ញប្បទានពីខាងក្រៅនៃថវិការដ្ឋរបស់អ៊ុយក្រែន ត្រូវបានកំណត់ថា នឹងឈានដល់ ៣០ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ សេដ្ឋកិច្ចអ៊ុយក្រែនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារពីរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចន្លោះពី ៣២ ទៅ ៣៥ភាគរយនៅឆ្នាំ២០២២នេះ បន្ទាប់ពីកំណើន ៣,៤ភាគរយនៅឆ្នាំ២០២១៕
ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា