អ.ស.ប ៖ កុមារក្នុងរង្វង់ ២០.២លាននាក់នៅជ្រោយអាហ្វ្រិក បច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន
អ.ស.ប ៖ របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានបង្ហាញថា ចំនួនកុមារដែលទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី បានកើនឡើងទ្វេដងក្នុងរយៈពេល ៥ខែមកនេះ ។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបញ្ជាក់ថា កុមារប្រហែល ២០.២លាននាក់នៅក្នុងប្រទេសទាំងនោះ ឥឡូវនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងពីភាពអត់ឃ្លាន ទឹកស្អាតបរិភោគ និងជំងឺធ្ងន់ធ្ងរ បើធៀបនឹង ១០លាននាក់ក្នុងខែកក្កដា ដោយសារការប្រែប្រួលអាកាសធាតុ, ជម្លោះ, អតិផរណាពិភពលោក និងកង្វះគ្រាប់ធញ្ញជាតិ។
មូលនិធិនេះបាននិយាយថា កុមារជិត ២លាននាក់នៅទូទាំងប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា ត្រូវការការព្យាបាលជាបន្ទាន់សម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលជាទម្រង់នៃភាពអត់ឃ្លានដ៏សាហាវបំផុត។
ចំណែកកុមារប្រមាណ ២.៧លាននាក់សម្រេចចិត្តឈប់សិក្សា ដោយសារតែគ្រោះរាំងស្ងួត ហើយបើតាមការប៉ាន់ប្រមាណ កុមារ ៤លាននាក់ប្រឈមនឹងហានិភ័យនៃការបោះបង់ការសិក្សា។ ទន្ទឹមគ្នា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមានថា ដោយសារតែវិបត្តិគ្រួសារ កុមារបានប្រឈមមុខនឹងហានិភ័យជាច្រើន ក្នុងនោះមានដូចជាពលកម្មកុមារ និងអាពាហ៍ពិពាហ៍កុមារមិនទាន់គ្រប់អាយុជាដើម៕
ប្រភព៖ ស៊ីនហួរ ដោយ៖ទីណា និងបុត្រា