សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។
ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតាមតាមស្តង់ដារកម្រិត២។ គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់ សិល្បការ រួមមាន ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ និងបញ្ចប់ ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១នេះ។
សម្តេចបន្តថា គោលនយោបាយកម្ពុជាពីមុន គឺយើង មានលុយតិចធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ គឺយើងត្រូវសាងសង់ផ្លូវ ផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យបានរឹងមាំ និងស្រស់ស្អាត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួង មកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រនៃខេត្តកំពត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជាយើងចំនួន ៣០ខ្សែ ដែលស្មើប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយចំណាយថវិកា ជិត២ពាន់លានដុល្លារ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ ហើយ ចំពោះស្ពាននៅក្នុងប្រទេសកម្ពុជាវិញ ដែលមិត្តចិនបានសាងសង់ និងកំពុងសាងសង់មានចំនួន៩ខ្សែផងដែរ សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នាពេលកន្លងមកនេះ គឺជាឱកាសដ៏ធំ សម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាបរទេស។ បច្ចុប្បន្ន ទំនិញផលិតផល និងកសិផលរបស់កម្ពុជាមួយចំនួន កំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុងត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់។
សម្ដេចតេជោ ក៏បានមានប្រសាសន៍រំលឹកដាសតឿនជាបន្តទៀតថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ មិនត្រូវខ្លាចប៉ូលីសចរាចរណ៍នោះទេ តែត្រូវខ្លាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ និងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ក្រសួងអប់រំ ដែលបានចាត់ចែងរៀបចំក្នុងការប្រឡងមធ្យមសិក្សាទុតិយៈភូមិប្រកបដោយភាពជោគជ័យ។ សម្ដេចក៏បានថ្លែងនូវការអរគុណដល់ឪពុកម្ដាយ អាណាព្យាបាល និងក្មួយៗ ចៅៗ ដែលបានចូលរួមប្រឡងបាក់ឌុប ទោះបីជាទទួលបាននិទ្ទេសអ្វីក៏ដោយឱ្យតែជាប់ យើងអាចមានឱកាសក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅពេលខាងមុខ។ សម្ដេចក៏បានលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ដែលមិនបានជាប់ ឲ្យបន្តការសិក្សាមួយឆ្នាំទៀត ឬអាចបន្តយកថ្នាក់បរិញ្ញាបត្ររងក៏បាន សម្រាប់បន្តការសិក្សានៅពេលខាងមុខ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។
បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមវ៉ាង វិនធៀន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១ ចាប់ពីពេលនេះតទៅ ៕ ដោយ វណ្ណលុក