កូរ៉េខាងត្បូងបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង

សេអ៊ូល៖ កាលពីថ្ងៃចន្ទ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន ទៅ កាន់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង និងបានហោះត្រួតពិនិត្យតំបន់ព្រំដែនជាប់នឹងកូរ៉េខាងជើងដែលមានកំពែងការពារយ៉ាងរឹងមាំ។

ការបាញ់ព្រមាននេះបានធ្វើឡើងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងបានហោះរំលោភលើដែនអាកាសរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ខណៈ ការកើនឡើងនៃភាពតានតឹងក្នុងតំបន់កាន់តែមានភាពរង្គោះរង្គើ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងថា យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះគ្មានមនុស្សបើកចំនួនប្រាំ គ្រឿងហោះចេញពីកូរ៉េខាងជើង ឆ្លងកាត់ព្រំដែន ហើយ យន្តហោះមួយគ្រឿងបានហោះមកកាន់តែកៀកជិតដល់តំបន់ខាងជើងនៃរដ្ឋធានីកូរ៉េខាងត្បូង ដែលមានចម្ងាយ ប្រមាណ ជាមួយម៉ោងប៉ុណ្ណោះប្រសិនបើធ្វើដំណើរតាមរយៈយានយន្ត។
ជាការឆ្លើយតបទៅនឹងយន្តហោះគ្មានមនុស្សបើកទាំងអស់នោះ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន និងបានប្រើប្រាស់ យន្តហោះ ចម្បាំង និងឧទ្ធម្ភាគចក្រ ដេញបាញ់សំដៅទៅ កាន់ យន្តហោះទាំងនោះជាច្រើនគ្រាប់ ប៉ុន្តែមិនបានដឹងភ្លាមៗនោះ ទេ ថាតើយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាង ជើង ទាំង អស់ នោះត្រូវបានបាញ់ទម្លាក់បានប៉ុន្មាននោះទេ។ នេះបើយោងតាម ក្រសួងការពារជាតិកូរ៉េខាងត្បូង។
ម៉្យាងវិញទៀត ការខូចខាតដល់ជនស៊ីវិលណាម្នាក់នៅលើដី ក្នុង ប្រទេសកូរ៉េខាងត្បូងក៏មិនមានការរាយការណ៍ឱ្យដឹងភ្លាមៗនោះ ដែរ។ នាយសេនាធិការចម្រុះបានឱ្យដឹងថា យន្តហោះគ្មាន មនុស្សបើកមួយគ្រឿងក្នុងចំណោមយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងទាំងអស់បានហោះត្រលប់ទៅកាន់កូរ៉េខាងជើងវិញ បន្ទាប់ពីមានវត្តមានចំនួនបីម៉ោងនៅក្នុងទឹកដីកូរ៉េ ខាង ត្បូង ខណៈដែលយន្តហោះប៉ុន្មានគ្រឿងទៀតបានបាត់ពី ប្រព័ន្ធ រ៉ាដាយោធាកូរ៉េខាងត្បូង។

យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង និងការបាញ់ ឆ្លើយតបយ៉ាងរហ័សពីកូរ៉េខាងត្បូងនេះបានកើតឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ការបាញ់មីស៊ីលកាលពីថ្ងៃសុក្រនេះ ត្រូវបានគេមើលឃើញថា ជាទង្វើប្រឆាំងនឹងសមយុទ្ធដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់ សមដែលមានលក្ខណៈឈ្លានពាន។

ក្រុមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា យន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួនពីរគ្រឿង ដែលជាយន្ត ហោះ វាយប្រហារធុនស្រាលម៉ាក KA-1 បានធ្លាក់អំឡុង ពេល ហោះហើរ ប៉ុន្តែអ្នកបើកបរទាំងពីរនាក់បានបញ្ចេញ ឆត្រ យោងលោតចេញមុនដោយសុវត្ថិភាព។ គួរដឹងដែរថា អាកាសយានដ្ឋានស៊ីវិលនៅក្នុង និងនៅជិតទីក្រុងសេអ៊ូល ត្រូវបានស្នើសុំឱ្យផ្អាកជើងហោះហើរជាបណ្តោះអាសន្ន។

អគ្គកងពលកូរ៉េខាងត្បូងបានថ្លែងថា កូរ៉េខាងត្បូងក៏បានបញ្ជូន ឧបករណ៍ឃ្លាំមើលទៅដាក់ប្រចាំការក្នុងតំបន់ឆ្លងកាត់ព្រំដែន ដើម្បីថតរូបទីតាំងយោធាសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងជើង ដែលនេះជាវិធានការឆ្លើយតបនឹងយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មួយ ចំនួនបានយល់ឃើញថា កូរ៉េខាងត្បូងទំនងជាបានបង្ហោះ ដ្រូនគ្មានមនុស្សបើករបស់ខ្លួនចូលទៅក្នុងទឹកដីកូរ៉េខាងជើងជាមុន។
ឧត្តមសេនីយ៍ឯក លោក លី សុងអូ នាយកប្រតិបត្តិនៃ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានប្រាប់អ្នកយក ព័ត៌មានថា ៖ «យោធារបស់យើងនឹងធ្វើការឆ្លើយតប យ៉ាងចាស់ដៃ និងម៉ឺងម៉ាត់បំផុតចំពោះការបង្កហេតុរបស់ កូរ៉េខាងជើង»។

ការលើកឡើងជាសាធារណៈរបស់កូរ៉េខាងត្បូងអំពីសកម្មភាពឈ្លបយកការណ៍ណាមួយនៅក្នុងប្រទេសកូរ៉េខាងជើងគឺជារឿងមិនធម្មតានោះទេ។ វាទំនងជាការឆ្លុះបញ្ចាំងពីដំណោះស្រាយ របស់រដ្ឋាភិបាលអភិរក្សនិយម ដែលដឹកនាំដោយប្រធានាធិបតី យូន ស៊ុកយ៉ឹល ក្នុងការរឹតបន្តឹងទៅលើឥរិយាបថបង្កហេតុ របស់ កូរ៉េខាងជើង។

យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍មួយចំនួនបានយល់ ឃើញថា កូរ៉េខាងជើងអាចនឹងធ្វើការឆ្លើយតបវិញយ៉ាង កាច សាហាវ ដូចជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬការបង្កហេតុ ផ្សេងៗ ទៀតក្នុងតំបន់។

វាជាលើកទីមួយហើយសម្រាប់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងដែលបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៧ ដែលកាលនោះយន្តហោះគ្មាន មនុស្សបើកកូរ៉េខាងជើងត្រូវបានគេប្រទះឃើញថាបានធ្លាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

មន្ត្រីយោធាកូរ៉េខាងត្បូងបានលើកឡើងនៅពេលនោះថា ដ្រូនដែលមានកាមេរ៉ាផលិតដោយក្រុមហ៊ុន សូនី (Sony) បានថតយករូបប្រព័ន្ធការពារកាំជ្រួចរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងទៀតផង។

សូមបញ្ជាក់ថា កូរ៉េខាងជើងតែងតែលើកសរសើរនូវកម្មវិធី ផលិត យន្តហោះគ្មានមនុស្សបើករបស់ខ្លួន ហើយមន្ត្រី កូរ៉េខាងត្បូងធ្លាប់បានឱ្យដឹងថា កូរ៉េខាងជើងមានដ្រូនរហូតដល់ ទៅ ៣០០ គ្រឿងឯណោះ។ កាលពីឆ្នាំ២០១៤ យន្តហោះគ្មាន មនុស្សបើកដែលសង្ស័យថាជារបស់កូរ៉េខាងជើងជាច្រើនគ្រឿង ក្នុងនោះមានបំពាក់ដោយកាមេរ៉ាផលិតដោយជប៉ុន ត្រូវបាន ប្រទះ ឃើញនៅភាគខាងត្បូងនៃព្រំដែនហើយអ្នក ជំនាញ បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកទាំងអស់នោះ មាន បច្ចេកវិទ្យាទាបនៅឡើយ ប៉ុន្តែអាចចាត់ទុកថាជាការគំរាម កំហែង ផ្នែកសន្តិសុខដ៏ខ្លាំងក្លាមួយ។

ដោយឡែក ភាគីសហរដ្ឋអាមេរិកវិញ មន្ត្រីសន្តិសុខជាតិ របស់ សេតវិមានបានឱ្យដឹងថា មន្ត្រីអាមេរិកកំពុងធ្វើការពិគ្រោះ យោបល់យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង អំពីលក្ខណៈនៃការ ឈ្លានពានពីសំណាក់កូរ៉េខាងជើងនេះ។
មន្ត្រីសន្តិសុខជាតិខាងលើបានធ្វើអត្ថាធិប្បាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ៖ «យើងទទួលស្គាល់នូវភាពចាំបាច់របស់ កូរ៉េខាងត្បូង ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ហើយ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការចូលរួមការពារសាធារណរដ្ឋកូរ៉េមួយនេះក៏នៅតែបន្តយ៉ាងម៉ឺងម៉ាត់ផងដែរ»។
កាលពីដើមខែ កូរ៉េខាងជើងបានអះអាងថាបានបាញ់បង្ហោះ ផ្កាយ រណបចារកម្មដំបូងរបស់ខ្លួន និងគ្រាប់មីស៊ីលឆ្លង ទ្វីប ចល័តបន្ថែមទៀត ដែលមានសមត្ថភាពអាចបាញ់ដល់ដែន ដីគោក របស់សហរដ្ឋអាមេរិកទៀតផង។

គួរដឹងដែរថា សព្វាវុធទាំងអស់នោះគឺស្ថិតក្នុងចំណោម ប្រព័ន្ធសព្វាវុធដែលមានបច្ចេកវិទ្យាខ្ពស់ ដែលមេដឹកនាំកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាដាក់ ចេញឱ្យប្រើប្រាស់ រួមមាន ក្បាលគ្រាប់មីស៊ីលជាច្រើនគ្រាប់ អាវុធនុយក្លេអ៊ែរបាញ់ ក្រោមទឹក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង មីស៊ីលល្បឿនលឿនជាងសំឡេងជាដើម។

លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍយន្ត ហោះ គ្មានមនុស្សបើកឈ្លបយកការណ៍ ដែលមានសមត្ថភាពឃ្លាំ មើល យ៉ាងជាក់លាក់រហូតដល់ ៥០០ គីឡូម៉ែត្រចូលទៅក្នុង ទឹកដី សត្រូវរបស់ខ្លួន។ ក្នុងឆ្នាំ២០១៣ លោកក៏ធ្លាប់បានឈរ មើលសមយុទ្ធវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅសិប្បនិម្មិត នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង។

កន្លងទៅថ្មីៗនេះ កូរ៉េខាងជើងបានចេញផ្សាយរូបថតទីក្រុង របស់កូរ៉េខាងត្បូងដែលមានកម្រិតភាពច្បាស់ទាប ដែល បានថតពីលំហអាកាស ប៉ុន្តែអ្នកជំនាញមួយចំនួននៅកូរ៉េ ខាងត្បូង បានលើកឡើងថា រូបភាពនេះគឺជារូបមូលដ្ឋាន សម្រាប់គោលបំណងឃ្លាំមើលពីលើអាកាស។ យ៉ាងណាក៏ដោយ ការវាយតម្លៃបែបនេះបានធ្វើឱ្យ កូរ៉េខាង ជើងមានការខឹងសម្បារ ដោយប្អូនស្រីដ៏មានឥទ្ធិពលម្នាក់ របស់លោក គីម ជុងអ៊ុន គឺអ្នកស្រី គីម យ៉ូចុង បានប្រើពាក្យ សម្ដីចំអកជាបន្តបន្ទាប់ ដើម្បីប្រមាថដល់អ្នកជំនាញកូរ៉េខាង ត្បូងថាមិនចេះកំណត់អត្តសញ្ញាណនៃរូបភាពនោះ។
សូមបញ្ជាក់ដែរថា កូរ៉េខាងជើងនឹងរៀបចំសន្និសីទបក្ស ពលករដែលកំពុងកាន់អំណាចដ៏សំខាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យមើលគោលនយោបាយអតីតកាល និងកំណត់ គោលដៅគោលនយោបាយសម្រាប់អនាគត។

អ្នកជំនាញខ្លះបានលើកឡើងថា ក្នុងកិច្ចប្រជុំនោះ កូរ៉េខាង ជើងទំនងជានឹងបញ្ជាក់ជាថ្មីពីគោលជំហររបស់ខ្លួនក្នុងការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដើម្បីទប់ទល់ នឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលតែងតែបន្ត ដាក់ទណ្ឌកម្មអន្តរជាតិ និងការហ្វឹកហ្វឺនយោធាជាប្រចាំជា មួយ កូរ៉េខាងត្បូង។

ក្រុមអ្នកវិភាគក៏បានលើកឡើងផងដែរថា កូរ៉េខាងជើងនឹង ប្រើប្រាស់អាវុធនុយក្លេអ៊ែរជាឧបករណ៍ចរចាដើម្បីធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ខ្លួនថាជាមហាអំណាចនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ ក៏ដូចជាសម្បទាន ផ្សេងៗទៀត៕
ដោយ៖ធា សុខណា
ប្រភពព័ត៌មាន S. Korea launches jets, fires shots after North flies drones

ads banner