សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មឱ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាបន្តបន្ទាប់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនា ទី ភារកិច្ច និងបេសកកម្មឱ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាបន្តបន្ទាប់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងពិធីសម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជាផ្លូវការ “មន្ទីរពិសោធន៍ ជាតិសំណង់” របស់ក្រសួង រៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ “ អគារមន្ទីរពិសោធន៍ជាតិសំណង់ ” ដែលជាសមិទ្ធផលថ្មីមួយទៀត សំដៅពង្រឹងការអនុវត្តច្បាប់សំណង់ បង្កើនគុណភាព សុវត្ថិភាព និង សុខមាលភាពរបស់ ម្ចាស់សំណង់ អ្នក ប្រើប្រាស់សំណង់ និងសាធារណជន នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧,១៣៩,៨៩៦,០៥០រៀល ជិត ៩០លានដុល្លារអាមេរិក ថយចុះជាង ២២ភាគរយ ធៀបឆ្នាំ២០២១។ ឆ្នាំ២០២២ ក្រសួង បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥,៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤,៨០៤បណ្ណ។ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ៣,៩២៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១២,៦៨៤,១០២ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២១០,៣៥៩,៥០៩ដុល្លារ ថយចុះជិត ៥០ភាគរយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា អគារមន្ទីរពិសោធន៍ជាតិសំណង់នេះសាងសង់អស់ថវិកា ៣លានដុល្លារអាមេរិក ។ មន្ទីរពិសោធន៍ជាតិសំណង់នេះ នឹងទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួនលើការងារធ្វើពិសោធន៍សម្រាប់បញ្ជាក់គុណភាពសម្ភារសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់ ៕ ដោយ ៖ វណ្ណលុក


