ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាសកម្មភាពជន ពិការធ្វើសិក្ខាសាលាពីសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលសំដៅជួយជនមានពិការភាព
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រុមប្រឹក្សា សកម្មភាពជនពិការបានធ្វើសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។ សិក្ខាសាលានេះក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើ ការ បោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធ ដើម្បីគាំទ្រដល់ជនពិការភ្នែក គថ្លង់ និងពិការភាព។
សិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមកិច្ចគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងបានប្រារព្ធកាល ពីថ្ងៃទី២៦ ខែធ្នូ នាសណ្ឋាគារសាន់វ៉េ។សិក្ខាសាលានេះ មានគោលដៅលើការពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធដែលទាក់ទងនឹង ការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ ដើម្បីបង្ក លក្ខណៈងាយស្រួលនិងសម្រួលដល់ជនមានពិការភាព។
យោងតាមសេចក្តីប្រកាសពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេង ដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបាន ផ្តល់ ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បី ជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬ ជន មានពិការភាពបោះពុម្ពផ្សាយដទៃទៀត។
សូមជម្រាបផងដែរថា សន្ធិសញ្ញាម៉ារ៉ាកេស ជាសន្ធិសញ្ញាស្តីពី ជនមានពិការភាពដែលពិបាកអានឯកសារបោះពុម្ពហៅកាត់ថា «សន្ធិសញ្ញាម៉ារ៉ាកេស» ដែលកម្ពុជា គឺជារដ្ឋភាគីមួយក្នុង ចំណោម សមាជិកអាស៊ានតែ ពីរ ប៉ុណ្ណោះបានចុះហត្ថលេខា នាសម័យសនិ្នសីទខែមិថុនា ឆ្នាំ ២០១៣។
សន្ធិសញ្ញានេះធានាដល់សិទ្ធិជនមានពិការភាពពិបាកអានឯកសារបោះពុម្ពអាចទទួលបានចំណេះដឹង និងព័ត៌មាន ហើយ ធានា ឱ្យមានការការពារសិទ្ធិរបស់អ្នកនិពន្ធ។
ក្នុងឱកាសនេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង ជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជន ពិការបានបញ្ជាក់ថា ជនមានពិការភាពនឹងទទួលបាន ផល ប្រយោជន៍បន្ថែមជុំវិញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនេះ នៅថ្ងៃមុខ បន្ទាប់ពីក្រុមប្រឹក្សា សកម្មភាព ជនពិការនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រជុំពិគ្រោះយោបល់គ្នាបែបនេះ។
ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើជនមានពិការភាពថា ៖ «រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម ដោយជំរុញការផលិត និងបោះពុម្ភ ឯកសារ ឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ ជនមានពិការភាព»។
លោកបានបន្តថា រដ្ឋាភិបាលក៏បានបង្កើនការប្រើប្រាស់ភាសា សញ្ញា អក្សរប្រៃយ៍ ឬហៅថាអក្សរស្ទាប អក្សរពុម្ភធំ សំឡេង ឱ្យបានទូលំទូលាយ ដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញ មតិយោបល់ និងការទទួលបានព័ត៌មានសម្រាប់ជនមាន ពិការភាព គ្រប់ប្រភេទ សំដៅលើកកម្ពស់នូវសិទ្ធិទទួលបាន ការអប់ រំនិងឱកាសធ្វើការស្រាវជ្រាវ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតឈត ប៊ុនថង មន្ដ្រី ស្រាវ ជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ រាជបណ្ឌិត្យសភាកម្ពុជាសារទរចំពោះការធ្វើសេចក្តីព្រាងច្បាប់សំដៅជួយដល់ក្រុមជនមានពិការភាពនៅកម្ពុជា ក្នុងករណី សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនេះ។
លោក ឈត ប៊ុនថង បានប្រាប់ថា ៖ «យើងគួរមានយន្តការ បោះពុម្ភផ្សាយឲ្យកាន់តែច្រើនថែមទៀតលើកម្រងឯកសារនានាសម្រាប់ជនមានពិការភាពតួយ៉ាង ឯកសារជាអក្សរស្ទាប ឯកសារជាសម្លេង ដើម្បីពួកគាត់មានលទ្ធភាពយល់ដឹងពី ស្ថានការណ៍ថាឥឡូវនេះ សេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ បច្ចេកវិទ្យា ឬវិស័យផ្សេងៗហ្នឹងរីកចម្រើនទៅដល់ណា ទោះបី គាត់ មានពិការភាព ពិការភ្នែក គថ្លង់ ជាដើម ក៏គាត់អាចយល់ នឹងគេដែរ ក្នុងកម្រិតណាមួយ»។
លោក ឈត ប៊ុនថង បានអំពាវនាវឱ្យ រដ្ឋាភិបាលបង្កើន សកម្មភាព ក្នុងការបោះពុម្ភផ្សាយឯកសារនានា សម្រាប់ឱ្យ ជនពិការភាពមានលទ្ធភាពអាចដឹងរឿងរ៉ាវ និងការវិវត្តនានា របស់សង្គម ក្នុងនាមជាពលរដ្ឋរស់នៅក្នុងសង្គមដូចជន សាមញ្ញទូទៅដែរ។
បើតាមតាមរបាយកាណ៍របស់អង្គការជនពិការកម្ពុជា ជនពិការ នៅកម្ពុជាមានចំនួនប្រហែលចន្លោះពី ១០ភាគរយ ទៅ ១៥ ភាគរយ នៃប្រជាជនសរុប ពោលគឺចន្លោះពី ១.៦ ទៅ ២.៤ លាន នាក់ តាមរយៈតាមរបាយការណ៍របស់ អង្កេតប្រជា សាស្រ្តឆ្នាំ២០១៤៕
សំបាន ច័ន្ទដារ៉ា
