ការយល់ដឹងពីនីតិវិធីគយ គឺជារឿងសំខាន់សម្រាប់ វិស័យ ឯកជន
ភ្នំពេញ៖ឯកឧត្តម គុណ ញឹម នាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អ.គ.រ) បានថ្លែងថា ការយល់ដឹងច្បាស់អំពី នីតិវិធីគយ និងបទបញ្ញត្តិនានាគឺជាកត្តាដ៏សំខាន់មួយសម្រាប់ វិស័យឯកជនដើម្បីលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព។
ថ្លែងនៅក្នុងវេទិកាគយកម្ពុជាលើកទី២ដែលត្រូវបានរៀបចំឡើងដោយ អ.គ.រ និងសភាពាណិជ្ជកម្មកម្ពុជា នាចុងសប្តាហ៍ កន្លង ទៅនេះ ឯកឧត្តម គុណ ញឹម បានលើកឡើងថា វិស័យឯកជនបានដើរតួនាទីនិងជាដៃគូរដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ការ យល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិគយនានាគឺជារឿងចាំបាច់ក្នុង ដំណើការអាជីវកម្មរបស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា ៖«វេទិកានេះជាផ្នែកមួយនៃការ ខិតខំ បញ្ជ្រាបការយល់ដឹងដល់សាធារណជន ពិសេសធុរជនពាក់ព័ន្ធ ស្ដីពីច្បាប់ បទប្បញ្ញត្តិ ការងារបច្ចេកទេសគយ និងនីតិវិធី គយសំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម លើកកម្ពស់ការប្រកួត ប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព ក៏ដូចជា កែលម្អវប្បធម៌សារពើពន្ធនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួម ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន»។
ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកាគយលើកទី២ គឺជាផ្នែកមួយនៃ ការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលត្រូវបាន បង្កើតឡើងកាលពីឆ្នាំ២០១០ ក្នុងជួយដោះស្រាយនូវបញ្ហា នានាពីវិស័យឯកជនក្នុងជួយសម្រួលដល់ការធ្វើអាជីវកម្មនានាទាំងក្នុងស្រុក និងអន្តរជាតិ។
លោកមានប្រសាសន៍ទៀតថា ៖ «ក្រោមយន្តការនេះ បរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាត្រូវបានលើកកម្ពស់ និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ ដោយ អគរ បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបបានទាន់ពេលវេលានូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជន ពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ជាពិសេស ក្នុងបរិការណ៍ខ្សែច្រវាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក»។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យ សភា កម្ពុជា បានប្រាប់ឱ្យដឹងថា ការយល់ដឹងច្បាស់ពីនីតិវិធី និង បទបញ្ញត្តិនានាពាក់ព័ន្ធនឹងបញ្ហាគយ គឺជាអ្វីដែលវិស័យ ឯកជន ត្រូវយកចិត្តទុកដាក់ ដើម្បីស្វែងយលអំពីការទទួល បាននូវការអនុគ្រោះនានា ដូចជាការសម្រួលពាណិជ្ជកម្ម ឬការទទួលបានអត្ថប្រយោជន៍ពន្ធនាំចេញឬនាំចូលលើមុខទំនិញមួយចំនួន។
លោកបានថ្លែងថា ៖ «ជាការពិតណាស់ ធរុជននិងវិនិយោគិន ទាំងក្នុងស្រុក និងបរទេសត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់ នូវបែបបទគតិយុទ្ធគយទាំងឡាយដែលកម្ពុជាមាន និងជា ពិសេស ការអនុគ្រោះពន្ធគយមួយចំនួនដែលស្ថិតក្រោមការ ធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូរ ដែលវាជា អត្ថប្រយោជន៍ សំខាន់សម្រាប់ពួកគេក្នុងការជំរុញ អាជីវកម្ម របស់ខ្លួន»។
យោងតាមអ.គ.រ វេទិកានេះ តែងតែបានផ្តល់នូវព័ត៌មាននា នា ដល់វិស័យឯកជន ពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់, ប្រព័ន្ធ បញ្ជរតែមួយជាតិតំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែ មួយអាស៊ាន, ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួល បានការអនុញ្ញាតនិងធុរជនល្អបំផុត, ច្បាប់ស្ដីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ, ការងារបច្ចេកទេសគយ និងសវនកម្មគយ ជា ដើម៕
ដោយ៖យុទ្ធ វីរៈ