ត្រីរាជមួយក្បាលដែលជាប្រភេទត្រីស្ថិតក្នុងបញ្ជីក្រហម ត្រូវបានដោះលែងឱ្យចូលក្នុងទន្លេមេគង្គវិញ បន្ទាប់ ពី នេសាទបាននៅក្នុងខេត្តកណ្តាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ត្រីរាជស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះ បញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន ផ្សេងៗ។នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែធ្នូ ដោយ ភ្ជាប់ជាមួយនឹងការសាទរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានលែងត្រីរាជ មួយក្បាល ដែលមានទម្ងន់ ៤៦គីឡូក្រាម និងមានប្រវែង ១៥៧សង់ទីម៉ែត្រ។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ខ្ញុំសូមអបអរសាទរ និង សូមថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ ៤៦គីឡូក្រាម និងមានប្រវែង ១៥៧សង់ទីម៉ែត្រដែល អ្នកនេសាទ នេសាទបាន ចូលទៅក្នុងទឹកទន្លេមេគង្គវិញ ត្រង់ភូមិសាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្តាល»។
ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រម នេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធាន ជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ គិតមកទល់ ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំងបីប្រភេទ មានត្រីបបែលយក្ស, ត្រីរាជ និងត្រីគល់រាំង។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖ «ត្រីរាជ គឺជា ប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់ នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈ ចម្ងាយឆ្ងាយ»។

អភិបាលស្រុកខ្សាច់កណ្តាល លោក ចេង ឌីណា បាន បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ត្រីរាជនេះត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ បន្ទាប់ពីវា បានជាប់ជាមួយនឹងឧបករណ៍នេសាទរបស់អ្នកនេសាទ
លោកបានបញ្ជាក់ថា ៖ «សង្កាត់រដ្ឋបាលជលផលស្រុក សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប ចុះធ្វើការបានពាក់ផ្លាកសញ្ញាសំគាល់របស់ជំនាញ ជលផល លើត្រីរាជ ដែលអ្នកនេសាទចាប់បាន ដើម្បីដឹង ពីដំណើរវិវត្តន៍របស់ត្រីរាជ ។ចំពោះត្រីរាជដែល អ្នកនេសាទ ចាប់នោះ ត្រូវបានដោះលែងចូលទន្លេមេគង្គវិញផងដែរ»។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ត្រីរាជតែងតែត្រូវ ចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញ ពីបឹងទន្លេសាប នៅខែតុលាទៅរកកន្លែងពងកូន និងលាក់ ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។

ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី០៦ ទៅ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែ កក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមាន ប្រវែង១២ ទៅ ១៥សង់ទីម៉ែត្រ។

ក្រសួងបានបន្តថា ត្រីរាជ អាចរស់បានរហូតដល់ អាយុ៦០ ឆ្នាំហើយ ជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុងមួយ ឆ្នាំអាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារ ចម្បង ។ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។

តាមរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ គេបាន ប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០ គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជនេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែង ចូលទៅក្នុងទន្លេវិញ៕
ដោយ៖នាង សុគន្ធា

ads banner