ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំកម្ពុជា នឹងជំរុញលើសកម្មភាពដោះមីននៅតាមព្រំដែនកម្ពុជា និងថៃ
ភ្នំពេញ៖ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំ កម្ពុជា លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) បានលើកឡើងឱ្យដឹងថា ភាគីថៃនឹងខិតខំធ្វើយ៉ាងណា ជំរុញ កិច្ចសហប្រតិបត្តិការលើសកម្មភាពដោះមីននៅតាមព្រំដែនកម្ពុជានិងថៃ ដែលកម្ពុជាបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំកម្ពុជា សូន្យមីន។
លោក ឆឺតកៀត អាត់ថាក័រ បានថ្លែងដូចនេះកាលពីថ្ងៃទី២៧ ខែធ្នូ ក្នុងឱកាសដែលលោកចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានកោតសរសើរ និងជូនពរឯកអគ្គរាជទូតដែលបានមកបំពេញភារកិច្ចថ្មីឱ្យបានជោគជ័យក្នុងឋានៈជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដោយ សារប្រទេសកម្ពុជា-ថៃ ជារាជានិយមដូចគ្នា មានព្រះពុទ្ធ សាសនា ដូចគ្នា និងភាសា ទំនៀមទម្លាប់ ប្រហាក់ប្រហែល គ្នា។
ឯកឧត្តម ហោ ណាំហុង បានថ្លែងថា ៖ «ប្រទេសយើងទាំងពីរ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំងពីរជា ប្រធាននិងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រម ទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាម ព្រំដែន រវាងប្រទេសទាំងពីរ»។
ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកឡើងដែរថា អាជ្ញាធរដោះមីនកម្ពុជា និងថៃគួរធ្វើ យ៉ាង ណាដោះមីនឱ្យអស់តាមព្រំដែន មុននឹងកំណត់ព្រំដែន ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជា និងថៃនៅតាម តំបន់ព្រំដែន ដោយកម្ពុជាបានកំណត់យកឆ្នាំ២០២៥ ដោះមីន ឱ្យអស់នៅកម្ពុជា។
ចំណែកឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក ឆឺតកៀត អាត់ថាក័រ បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្រ្តីថា លោកនឹង ជំរុញកិច្ចសហប្រតិបត្តិការលើសកម្មភាពដោះមីននៅតាមព្រំដែនកម្ពុជា និងថៃក្នុងរង្វង់ទំហំដី២២គីឡូម៉ែត្រ ហើយក្នុង អាណត្តិ របស់លោកជាឯកអគ្គរាជទូតប្រចាំកម្ពុជានេះ លោក នឹង ខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពកម្ពុជានិង ថៃឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាបានថ្លែងកាលពីថ្ងៃទី២៦ ខែធ្នូ ក្នុងពិធីបើក ការដ្ឋាន កែលម្អផ្លូវជាតិលេខ ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត ថា ការងារដោះមីនដែលនៅសេសសល់នេះ នឹងធ្វើការជំរុញ និងពន្លឿនបន្ថែមទៀតក្នុងការដោះមីន ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងផ្ដល់ដីដោយសុវត្ថិភាព សម្រាប់ ប្រជាជនកម្ពុជា នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។
សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំកំពុងតែពន្លឿនជំរុញនៃ ការ ដោះមីនដែលនៅសេសសល់ និងបានស្នើឱ្យកងទ័ពចិន ជួយមកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឱ្យអស់មីនក្នុងឆ្នាំ ២០២៥ ខាងមុខនេះដើម្បីបញ្ចៀស គ្រោះថ្នាក់សម្រាប់ប្រជាជនយើងផង និងដើម្បីផ្ដល់ដីដោយ សុវត្ថិភាព សម្រាប់ប្រជាជនរបស់យើងបង្កបង្កើនផល»៕ ដោយ៖នាង សុគន្ធា
