ស៊ែប៊ីដាក់កងទ័ពឱ្យប្រុងជើងការណ៍កម្រិតខ្ពស់ ខណៈភាព តានតឹងជាមួយកូសូវ៉ូកើនឡើង
ស៊ែរប៊ី៖មន្ត្រីជាន់ខ្ពស់ស៊ែប៊ីប្រកាសថា ប្រទេសស៊ែប៊ីបានដាក់ កងកម្លាំងសន្តិសុខរបស់ខ្លួននៅតាមព្រំដែនជាមួយកូសូវ៉ូ ក្នុង ស្ថានភាពប្រុងជើងការកម្រិតខ្ពស់ដើម្បីត្រៀមខ្លួនប្រយុទ្ធ ខណៈ ភាពតានតឹងរវាងគូជម្លោះទាំងពីរបានកើនឡើង ទោះបីជាមានការអំពាវនាវសុំឱ្យបន្ធូរបន្ថយសម្ពាធពីសហភាពអឺរ៉ុប និងអង្គការណាតូក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិស៊ែប៊ី លោក Milos Vucevic បានលើក ឡើងក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទថា៖ «ប្រធានាធិបតីនៃប្រទេសស៊ែប៊ី បានបញ្ជាឱ្យកងទ័ព ស៊ែប៊ី ស្ថិតត្រៀមប្រយុទ្ធក្នុងកម្រិតខ្ពស់បំផុត ពោលគឺដល់ កម្រិតនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ»។
លោក Vucevic បានបន្ថែមថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បានបញ្ជាឱ្យបង្កើនកងកម្លាំង ប្រដាប់ អាវុធពិសេស ពី ១ ៥០០ នាក់ដែលមានស្រាប់ ទៅ ៥ ០០០ នាក់។
ចំណែករដ្ឋមន្ត្រីមហាផ្ទៃស៊ែប៊ី លោក Bratislav Gasic បាន អះអាងថា លោកបានបញ្ជាប៉ូលីស និងអង្គភាពសន្តិសុខ ផ្សេង ទៀតមានការត្រៀមខ្លួនប្រយុទ្ធពេញទី ហើយថាពួកគេស្ថិតនៅ ក្រោមបញ្ជារបស់មេទ័ព ដោយយោងទៅតាមផែនការ ប្រតិបត្តិ ការ របស់ពួកគេ។ លោកគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា លោកធ្វើតាមបញ្ជារបស់លោកប្រធានាធិបតី Vucic ដូច្នេះ «រាល់វិធានការទាំងអស់ ចាត់ចេញដើម្បីការពារប្រជាជន ស៊ែប៊ីនៅកូសូវ៉ូ»។
បញ្ជាពីលោក Vucic ធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការកងទ័ព ស៊ែប៊ី លោក Milan Mojsilovic ត្រូវបានបញ្ជូនទៅកាន់ ព្រំដែនជាប់កូសូវ៉ូកាលពីថ្ងៃអាទិត្យ ទោះបីជាគេមិនច្បាស់ ភ្លាមៗនៅឡើយថាតើបទបញ្ជាថ្មីនោះ នឹងត្រូវអនុវត្តបែបណា និងអ្វីខ្លះនៅតាមព្រំដែនដែលកងទ័ពស៊ែប៊ីបានប្រកាសអាសន្ន។
គួររំឭកថា ភាពតានតឹងនៅកូសូវ៉ូខាងជើងបានកើនឡើង ចាប់តាំងពីខែវិច្ឆិកា នៅពេលដែលជនជាតិស៊ែប៊ីរាប់រយនាក់ ដែលធ្វើការក្នុងស្ថាប័នប៉ូលីសកូសូវ៉ូ ក៏ដូចជាស្ថាប័នតុលាការ រួមមានចៅក្រម និងព្រះរាជអាជ្ញា បានដើរចេញពីការងាររបស់ ខ្លួនដើម្បីប្រឆាំងតវ៉ានឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ ដែលហាមឃាត់ជនជាតិស៊ែប៊ីរស់នៅកូសូវ៉ូ មិនឱ្យប្រើប្រាស់ ស្លាកលេខយានយន្ត ដែលចេញដោយរដ្ឋធានីបែល ក្រាដ(ស៊ែប៊ី)។
កូសូវ៉ូ ដែលមានប្រជាជន ១,៨ លាននាក់ និងភាគច្រើន ជា ជាតិអាល់បានី បានប្រកាសឯករាជ្យពីស៊ែប៊ីក្នុងឆ្នាំ ២០០៨ ប៉ុន្តែក្រុងបែលក្រាដបានបដិសេធមិនទទួលស្គាល់ ហើយជំរុញ ឱ្យជនជាតិស៊ែប៊ី ដែលរស់នៅកូសូវ៉ូ ប្រមាណជាង ១២០ ០០០ នាក់ ប្រឆាំងនឹងអាជ្ញាធររបស់ក្រុងប្រ៊ីស្ទីណា (កូសូវ៉ូ)។ ជម្លោះ និងភាពរកាំរកូសរវាងភាគីទាំងពីរ នៅតែបន្តអូសបន្លាយមិន ចេះចប់មិនចេះហើយ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែង របស់លោកខាងលិចក្នុងការសម្របសម្រួលរកដំណោះស្រាយក៏មិនទទួលបានភាពជោគជ័យ។
កាលពីព្រឹកថ្ងៃចន្ទ កងរក្សាសន្តិភាពដឹកនាំដោយអង្គការណាតូ KFOR បានអះអាងថា ខ្លួនបានបើកការស៊ើបអង្កេតឧប្បត្តិ ហេតុ បាញ់ប្រហារមួយនៅតំបន់ភាគខាងជើងកូសូវ៉ូ ហើយជំរុញឱ្យ មានភាពស្ងប់ស្ងាត់ ខណៈមន្ត្រីយោធាកំពូលរបស់ស៊ែប៊ី ត្រួតពិនិត្យកងទ័ពរបស់ពួកគេនៅតាមព្រំដែនក្នុងការបង្ហាញការត្រៀមខ្លួនប្រយុទ្ធ។
ការបាញ់ប្រហារនោះ បានកើតឡើងកាលពីថ្ងៃអាទិត្យក្នុង ទីក្រុង Zubin Potok ដែលជនជាតិស៊ែប៊ីក្នុងតំបន់ បាន ធ្វើការបិទផ្លូវអស់រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជុំវិញការចាប់ខ្លួនអតីតប៉ូលីសជនជាតិស៊ែប៊ីម្នាក់ ពាក់ព័ន្ធ នឹងការវាយប្រហារលើមន្រ្តីប៉ូលីសជនជាតិអាល់បានី ដែលជាស្នូលនៃភាពតានតឹងនាពេលនេះ។ កងរក្សាសន្តិភាព KFOR បានគូសបញ្ជាក់ថា ការបាញ់ប្រហារបង្កឡើងដោយ ជនមិនស្គាល់មុខ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។
បន្ថែមពីលើនេះ KFOR បានលើកឡើងក្នុងសេចក្តីថ្លែង ការណ៍ថា៖ «វាមានសារៈសំខាន់សម្រាប់គ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ ជៀសវាងនូវវោហាសាស្ត្រ ឬសកម្មភាព ដែលអាច បង្កឱ្យមានភាពតានតឹង និងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ឡើងៗ។ យើងរំពឹងថា តួអង្គទាំងអស់នឹងជៀសវាងពីការ បង្ហាញកម្លាំង និងស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បី ធានាសុវត្ថិភាព និងសន្តិសុខនៃសហគមន៍ទាំងអស់»។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Ana Brnabic បានថ្លែងថា ភាពតានតឹងជាមួយកូសូវ៉ូ ស្ថិតនៅ ជិតជ្រោះនៃជម្លោះប្រដាប់អាវុធ។ ចំណែក ក្រុមប្រឹក្សា សន្តិសុខរបស់កូសូវ៉ូ បានស្តីបន្ទោសស៊ែប៊ីកាលពីថ្ងៃចន្ទថា ជាដើមហេតុនៃភាពតានតឹងចុងក្រោយនៃទំនាក់ទំនងរវាងភាគីទាំង២។ ក្រុមប្រឹក្សានេះបានចោទប្រកាន់ស៊ែប៊ីថា «ធ្វើសកម្មភាព គ្រប់មធ្យោបាយដែលមាន ប្រឆាំងនឹងបទបញ្ជា រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋកូសូវ៉ូ»។
គួរឱ្យកត់សម្គាល់ផងដែរថា ការព្រួយបារម្ភអំពើហិង្សាប្រដាប់ អាវុធ បានកើនឡើងចាប់តាំងពីរុស្ស៊ីចូលឈ្លានពាន អ៊ុយក្រែនទូទាំងប្រទេសនៅចុងខែកុម្ភៈ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងប្រទេសសហភាពអឺរ៉ុបភាគច្រើន បានទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូ ខណៈស៊ែប៊ី ពឹងផ្អែកលើចិន និងរុស្ស៊ី ដែលហៅឯករាជ្យភាពរបស់ កូសូវ៉ូថាខុសច្បាប់៕ ហួន ឌីណា