សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច គឺជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋរស់នៅ ដាំដុះ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពិសោធន៍ជាតិសំណង់” របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋដីសាធារណ របស់រដ្ឋដីសម្បទានសេដ្ឋកិច្ចនិងដីសហគមន៍ជនជាតិដើមភាគតិចគឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពល រដ្ឋសម្រាប់រស់នៅដាំដុះនិងវិនិយោគដើម្បីបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូល ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ក្នុងរបាយការណ៍របស់ឯកឧត្តម ជា សុផារ៉ា គឺបានរំលេចថា មកដល់ពេលនេះ បានចេញប័ណ្ណកម្មសិទ្ធិចំនួន ៦,៧០០,០០០ ក្បាលដី ស្មើនឹង ៩៦,២ ភាគរយនៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ហើយនឹងខិតខំដោះស្រាយឲ្យបាន ១០០ភាគរយ ។ សម្តេចទទូចថា ឱ្យធ្វើកិច្ចការងារនេះឱ្យបានសម្រេចដូចដែលបានគ្រោងទុក នៅក្នុងឆ្នាំ ២០២៣ ។
សម្តេចតេជោ បានបន្តថា៖ ចំណុចនៅសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់។ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះ ពន្យារនូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្តី ជាលក្ខណៈដាច់ដោយដុំក្តី គឺហាក់ដូចជានៅត្រឹង ឬធ្វើដែរ តែធ្វើដោយមិនមានការជំរុញ ដែលធ្វើឲ្យប្រជាជនរងចាំរឿងនេះ ហើយក៏មានការលើកឡើងមួយចំនួន ស្នើសុំត្រង់មកខ្ញុំ តាមរយៈ Facebook ក្តី ហើយ Facebook ជួនកាល ធ្វើទៅតាមរយៈនៃការបញ្ជូនតាម Messenger ដែលគេមិនអាចមើលឃើញ ក្រៅពីអ្នកបញ្ជូនមក។ អញ្ចឹងទេ ខ្ញុំស្នើឲ្យឯកឧត្តម ជា សុផារ៉ា បញ្ជាទៅមន្ទីរសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម នៅតាមបណ្ដាខេត្ត ឱ្យធ្វើកិច្ចការងារនេះ ហើយអស់លោកអភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើទៅលើរឿងនេះ ព្រោះរឿងនេះ វាជារឿងចាំបាច់ សម្រាប់ប្រជាពលរដ្ឋរបស់យើង។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវការកើតឡើងនៅបញ្ហានានាជាបន្តទៀត ។ ចំណុចនេះជាចំណុចដែលយើងត្រូវធ្វើ ។ សម្តេច បានបន្ថែមថា ខ្ញុំមិនប្រើយុទ្ធនាការបែបគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីដូចជាឆ្នាំ២០១២ នោះទេ ក៏ប៉ុន្តែខ្ញុំសូមឱ្យអស់លោកយកចិត្តទុកដាក់ជំរុញ ជាពិសេស អភិបាលខេត្ត ដែលជាប្រធានសុរិយោដី ជាប្រធានគណៈកម្មការដីថ្នាក់ខេត្ត មើលកិច្ចការងារនេះ ឱ្យបានខ្ជាប់ខ្ជួន។ ដោះស្រាយបញ្ហាទាក់ទងជាមួយនឹងបញ្ហាដីរបស់ដីរដ្ឋ ក៏ត្រូវមើល, ដីសហគមន៍ ក៏ត្រូវមើល, ហើយដីប្រជាជនដែលមិនទាន់បានចុះបញ្ជី ក៏ត្រូវធ្វើឱ្យពួកគាត់ ចាត់ទុកថា នេះជាសេវាចាំបាច់ ឬជាសេវាតម្រូវការតែម្ដង។ បើមិនដូច្នោះទេ ច្បាស់ជានៅអង្អែលៗអំពារៗនៅទីនេះហើយ ។ សម្តេចបញ្ជាក់ថា រឿងនេះសុំដាស់តឿនឱ្យថ្នាក់ក្រោម យកទៅអនុវត្តន៍ ៕ ដោយ ៖ វណ្ណលុក