ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិក ចំនួន២១០សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ធ្វើលិខិតបណ្ដឹងតវ៉ា (លើកទី២) ជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្នាក់ដឹកនាំសហភាពសហជីពកាន់តែមានការខកចិត្តខ្លាំងបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញឥរិយាបថតាមរយៈសំដីរបស់លោក មឿន តុលា ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Cambojanews ចេញផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:២៣ល្ងាច។ សូមបញ្ជាក់ជូនលោកថា យើងមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា CENTRAL បានប្រើមន្ត្រីរបស់ខ្លួនឈ្មោះ ឃុន ថារ៉ូ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL នាពេលកន្លងមក ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី ដែល CENTRAL ហៅថា “សហជីពឯករាជ្យ” តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់មកសហជីពថ្មីៗទាំង នោះត្រូវស្តាប់តាមការដឹកនាំរបស់ CENTRAL ប្រសិនបើពួកគេចង់បន្តទទួលបានជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត CENTRAL ក៏បានទទួលធ្វើជាតំណាងរបស់កម្មករនិយោជិតដែលជាសមាជិកសហជីពមូលដ្ឋាន ក្នុងការដោះស្រាយវិវាទការងារ ដោយមិនមានកិច្ចសហការជាមួយសហជីពមូលដ្ឋាន ព្រមទាំងសហភាពសហជីព និងសហព័ន្ធសហជីពរបស់យើងខ្ញុំផងដែរ។ នេះជាការសាបព្រួសវប្បធម៌ រើសអើង ស្អប់ខ្ពើម ប្រកាន់ក្រុមពួកក្នុងចំណោមសហជីព ដើម្បីបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតនៅកម្ពុជា និងធ្វើឱ្យសហជីពកាន់តែមានភាពទន់ខ្សោយ ដើម្បី CENTRAL មានលទ្ធភាពគ្រប់គ្រងចលនាសហជីពដោយខ្លួនឯង និងបំផ្លាញភាពសុខដុមនៅក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ជាពិសេសបង្កភាពវឹកវរនៅក្នុងសង្គម ដែលជាគោលដៅចុងក្រោយរបស់ CENTRAL។ សកម្មភាពទាំងអស់ នេះជាការបំពានច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។

យ៉ាងណាមិញ យោងតាមការដកស្រង់ដោយសារព័ត៌មាន Cambojanews លោកបានលើកឡើង ថា “យើងមិនធ្វើការជាមួយសហជីពដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សនយោបាយ [CPP ] ទេ ដូច្នេះ ក្រោមហេតុផលហ្នឹងយើងគ្មានគម្រោង និងសកម្មភាពដើម្បីធ្វើការជាមួយសហជីពទាំងនោះទេ។” លោក បានបន្ថែមទៀតថា “ការចោទប្រកាន់នេះធ្វើឡើងដោយសហជីពដែលមានសម្ព័នភាពជាមួយគណបក្សប្រជាជនតែប៉ុណ្ណោះ….។”
ពាក្យសំដីរបស់លោកខាងលើ គឺជាភ័ស្តុតាងដែលមិនអាចប្រកែកបានថា CENTRAL ពិតជា មានការរើសអើង និងលាបពណ៌សហជីព ជាពិសេសគឺធ្វើការដោយប្រកាន់និន្នាការនយោបាយ។ យើងខ្ញុំ សូមរំលឹកលោកថា ក្នុងនាមជាពលរដ្ឋ យើងខ្ញុំជាថ្នាក់ដឹកនាំសហជីពម្នាក់ៗមានសិទ្ធិជ្រើសរើស និងគាំទ្រគណបក្សនយោបាយដែលយើងមើលឃើញថាបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេស។ នេះជាសិទ្ធិនយោបាយដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ក៏ប៉ុន្តែ សហភាពសហជីព និងសហព័ន្ធសហជីពរបស់យើងមិនមាននិន្នាការនយោបាយឡើយ។ ដូច្នេះ ការណ៍ដែលលោក បានលើកឡើងនៅក្នុងសារព័ត៌មានថាសហភាពសហជីព និងសហព័ន្ធសហជីពរបស់យើងជាសហជីពដែលស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា គឺជាការបរិហាកេរ្ដិ៍ជាសាធារណៈ និងជាការញុះញង់ ឱ្យប្រព្រឹត្តអំពើខុសច្បាប់ ដែលជាបទល្មើស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សាជាថ្មីម្តងទៀត យើងខ្ញុំទាមទារជាដាច់ខាតឱ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា។ ប្រសិនបើមិនបញ្ឈប់សកម្មភាពទុច្ចរិត យើងខ្ញុំនឹងចាត់វិធានការម៉ឺងមាត់ដើម្បីការពារជាដាច់ខាតនូវកេរ្តិ៍ឈ្មោះសហភាពសហជីពនិងសហព័ន្ធសហជីពរបស់យើង ក៏ដូចជាផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជា៕
ដោយ៖ពលជ័យ




