ប្រធានាធិបតីអ៊ុយក្រែនសង្ឃឹមថា នឹងមានការអនុវត្តយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងក្តីសង្ឃឹមរបស់គាត់ ចំពោះការអនុវត្តយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះ។ នេះបើតាមសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយតាមវីដេអូប្រចាំថ្ងៃរបស់គាត់ថា យើងនឹងមិនខ្ជះខ្ជាយពេលវេលាទេ… យើងនឹងអនុវត្តយ៉ាងឆាប់រហ័សនូវអ្វីគ្រប់យ៉ាងដែលបានព្រមព្រៀងគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោកថា ប្រជាជនប្រហែល ៩លាននាក់នៅទូទាំងប្រទេសអ៊ុយក្រែន គឺគ្មានថាមពលប្រើប្រាស់ ប៉ុន្តែចំនួនទីតាំងខ្វះការផ្គត់ផ្គង់អគ្គិសនីកំពុងថយចុះជាលំដាប់។
សូមរម្លឹកផងដែរថា កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
បន្ទាប់ពីការធ្វើដំណើរនេះ លោក ហ្សេលេនស្គី បាននិយាយថា គាត់បានឈានដល់កិច្ចព្រមព្រៀងថ្មីទាក់ទងនឹងជំនួយសម្រាប់ឧស្សាហកម្មថាមពលរបស់អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

