ឯកឧត្តមបណ្ឌិត គិន ភា ៖ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ: ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ ហើយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋអាចនឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិមប្រទេសមួយចំនួន ដើម្បីពិពណ៌នាឬលាបពណ៌អំពីប្រទេស កម្ពុជាផងដែរ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជា ទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។
ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន៦លើករួចមកហើយ ក្តី ប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ នឹង បោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ។ ក្នុងបរិបទនេះហើយ ទើប វិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែត កម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នេះឡើង។

ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះ បណ្តាល សារព័ត៌មាន
ស្តីពី « តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា»
រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅ
សាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត គិន ភា បានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម ៖
• លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។
• លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។
• លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។
• ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។
• លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។
• រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។
• រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណាមួយពីមហាអំណាចខាងក្រៅ។

ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបន្តទៀតថា សិក្ខាសាលារបស់យើងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ ក្នុង នារី ១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភា ព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣ អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកល វិទ្យាល័យ ១អង្គភាព។
សិក្ខាសាលានេះវាគ្មិនដែលជាគ្រូបង្គោល សរុបចំនួន ០៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពី ប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និង
អូស្ត្រាលី។

ប្រភពដដែលបានគោលបំណង និងដំណើរការនៃសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សា យ និងការបោះឆ្នោតនៅកម្ពុជា» ដូចតទៅ ៖
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ រាជបណ្ឌិត្យ សភាកម្ពុជា រួមជាមួយស្ថាប័នដៃគូចំនួន១៤ផ្សេង ទៀតរូមទាំងក្លិបអ្នកកាសែត កម្ពុជា ផងដែរ បានរៀបចំវេទិកាភ្នំពេញលើកទី១ ក្រោមប្រធានបទ «តួនាទីធនាគារខួរក្បាល អង្គការមិនមែន រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទ ថ្មី : ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដោយមានអ្នកចូលរួមប្រមាណជាង៩០នាក់ ដែលជាតំណាង ធនាគារខួរក្បាល មូលនិធិស្រាវជ្រាវ ស្ថាប័ន ស្រាវជ្រាវ សាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វ ផ្សាយ និងស្ថាប័នផ្សេងៗទៀត មកពីបណ្ដាប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ព្រមទាំងប្រទេសក្រៅតំបន់មួយចំនួនទៀត ដូចជា ចិន អូស្ត្រាលី អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ។

ឯកឧត្តមបណ្ឌិត គិន ភា បានបន្តថា វេទិកាភ្នំពេញលើកទី១ នេះ បានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់មិនអាចខ្វះបាន របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការទប់ទល់នឹងព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហ។ ទន្ទឹមនឹងនោះដែរ វេទិកាភ្នំពេញលើកទី១ក៏មើលឃើញពីភាពចាំបាច់ នៃការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពជាប្រចាំដល់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេអាចបំពេញតួនាទីដ៏ឧត្តុង្គឧត្តមរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕ ដោយៈ ពលជ័យ

ads banner