រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ការពិតនៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត។
ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ។ សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែតកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃពុធ-ព្រហស្បតិ៍ ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា “ការបោះឆ្នោតជាការកំណត់ នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ សារព័ត៌មានក៏ជាអ្នកជូនដំណឹងបង្ហាញពីការជឿនលឿន ដែលគេហៅថាប្រជាធិបតេយ្យដោយមានការចូលរួម ដោយសារអ្នកសារព័ត៌មានជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ទទួលបានព័ត៌មានគ្រាប់គ្រាន់ ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់គាត់ធ្វើការជ្រើសរើសបានល្អ”។
ទាក់ទងសិក្ខាសាលានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់ ព្រមទាំងតួនាទីរបស់អ្នកសារព័ត៌មាន ក៏ដូចជាសារៈសំខាន់ នៃការបោះឆ្នោត នៅក្នុងសង្គមប្រជាធិបតេយ្យ។
ចំណែកឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម ៖
• លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។
• លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។
• លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។
• ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។
• លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។
• រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។
• រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណាមួយពីមហាអំណាចខាងក្រៅ៕ ដោយៈ ពលជ័យ

ads banner