ក្រសួងអប់រំ និងកម្មវិធីស្បៀងអាហារពិភពលោក រៀបចំការ ប្រកួត ចុងភៅប្រចាំសាលា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការកម្មវិធី ស្បៀងអាហារពិភពលោក ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ បានរៀចបំកម្មវិធីការ ប្រឡង ប្រណាំងចម្អិនម្ហូបអាហារតាមសាលារៀន ដើម្បីលើកទឹក ចិត្តដល់ចុងភៅស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា ក្នុងការចម្អិនម្ហូបផ្តល់ជូនសិស្សានុសិស្ស។

កម្មវិធីប្រកួតប្រជែងនេះធ្វើឡើងនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងនៅសាលាបឋមសិក្សាស្មែត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីចុងភៅដែលទទួលបាន ជ័យលាភីថា្នក់ ស្រុកចំនួន១៨ នាក់ មកពី ៦ស្រុកនៃខេត្តនេះ ។ ចុងភៅទាំងនោះគឺ ឆ្លងកាត់តាមការប្រឡងប្រណាំងចម្អិន ម្ហូប អាហារថ្នាក់ស្រុកដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២១ ដល់ ២៤ ខែធ្នូ កន្លងមកនេះ។

អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក យង់ គន្ធារិទ្ធិ មានប្រសាសន៍ថា ចុងភៅមាន សារៈសំខាន់ណាស់ ហើយរិតតែសំខាន់ទៅទៀតនោះ គឺចុង ភៅដែលសុទ្ធតែជាអ្នកស្ម័គ្រចិត្តដែលបានជួយពលិកម្មទាំងកម្លាំងកាយចិត្តនិងទឹកចិត្តដែលជួយធ្វើម្ហូបផ្តល់ជូន សិស្សានុសិស្សនៅតាមសាលារៀនគោលដៅទាំងអស់នៅខេត្តកំពង់ឆ្នាំងដែលមាន ១២៦ សាលា។

លោកបញ្ជាក់ថា៖«ការស្ម័គ្រចិត្តនេះគឺបានចូលរួមចំណែកសំខាន់ក្នុងការធ្វើឱ្យកូនសិស្សបានទទួលទាន និងបានសិក្សា រៀនសូត្របន្តទៅមុខ ។ ការទទួលទានអាហារព្រឹក របស់ សិស្សានុសិស្សដោយឥតគិតថ្លៃនេះ ធ្វើឱ្យសិស្សបានចូលរៀន បានពេញលេញ មានសុខភាពល្អប្រសើរ ឈ្លាសវៃ ជាពិសេស នោះជំរុញឱ្យកូនសិស្សចង់មករៀន ដែលអាចកាត់បន្ថយអត្រា បោះបង់ការសិក្សាផងដែរ»។

មន្រ្តីគោលនយោបាយកម្មវិធីអាហារតាមសាលារៀននៃ WFP អ្នកស្រី អ៊ុល សុជាតិ បានថ្លែងថា គោលបំណងរបស់កម្មវិធីនេះ ដើម្បីលើកទឹកចិត្តដល់ចុងភៅ និងថ្លែងអំណរគុណដល់ពួក គាត់ ដែលបានចូលរួមទាំងកម្លាំងកាយចិត្តទោះបីគាត់ ទទួល បានត្រឹមប្រាក់ឧបត្ថម្ភតិចតួចក្តី។

អ្នកស្រីបន្តថា៖«ចុងភៅគាត់មានការតស៊ូដែលងើបមកចង្អិនម្ហូបតាំងពីព្រឹកព្រលឹម។ ដូច្នេះយើងរៀបចំកម្មវិធីនេះដើម្បីលើក ទឹកចិត្តគាត់ ហើយគាត់ក៏ត្រេកអរដែលបានជួបជុំចុងភៅ គ្នាគាត់ បានរៀនសូត្រ ប្លាស់ប្តូរបទពិសោធន៍នៃការចម្អិនម្ហូប និង ការច្នៃមុខម្ហូបទៅវិញទៅមក»។ លោកស្រីបញ្ជាក់ថា កម្មវិធីផ្តល់អាហារនៅតាមសាលារៀន នឹងមិនអាចដំណើរ ទៅបានទេ ប្រសិនបើមិនមានចុងភៅស្ម័គ្រចិត្តក្នុង ការចម្អិន ម្ហូបនោះ។

អ្នកស្រីបន្ថែមថា៖«យើងចង់ឱ្យវេទិកានេះលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីកម្មវិធីអាហារតាមសាលារៀន ដែលកំពុង អនុត្តនៅខេត្តចំនួន ១០ ដែលមានកម្មវិធីស្បៀងអាហារពិភព លោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ អាហារពេលព្រឹកក្តៅៗដល់សិស្សានុសិស្ស»។

អ្នកស្រី អ៊ុ ស៊ីវន អាយុ ៥៥ ឆ្នាំ ជាចុងភៅប្រចាំសាលា បឋមសិក្សាស្មែត ទទួលបានជ័យលាភីលេខ ១ បានបង្ហាញ អារម្មណ៍សប្បាយចិត្តជាខ្លាំងដែលស្ថាប័នពាក់ព័ន្ធបានរៀបចំកម្មវិធីប្រកួតប្រជែងចុងភៅនេះឡើង ដែលជាកម្លាំងចិត្តសម្រាប់ ពួកគាត់។ អ្នកស្រីថា៖«អ៊ំមកធ្វើជាចុងភៅសាលាជិតប្រាំបីឆ្នាំហើយ អ៊ុចាស់ហើយនៅផ្ទះក៏ទំនេរដែរ ដូច្នេះមកធ្វើនៅទីនេះបានជួយ សិស្សា នុសិស្សឱ្យមានអាហារពេលព្រឹកដែលមានជីវជាតិ ។ចឹងអ៊ំសប្បាយចិត្ត ។ណាមួយក្មួយអ៊ំជាច្រើននាក់ក៏ រៀននៅ ទីនេះដែរ »។

សម្រាប់ការប្រកួតនេះ ចុងភៅទាំង១៨នាក់ នឹងប្រឈមក្នុង ការជ្រើសរើសវិញ្ញាសារពីប្រអប់អាថ៌កំបាំងដើម្បីរៀបចំចម្អិនអាហារមួយមុខ ប្រកបដោយគំនិតច្នៃប្រឌិតសម្រាប់ការប្រកួត យកជ័យលាភី ៣រូបចុងក្រោយ។ បេក្ខជនដែលជាម្ចាស់ជ័យលាភីនឹងទទួលបានមានពានរង្វាន់ និងប្រាក់លើកទឹកចិត្តដែលក្នុងនោះ ចុងភៅលេខ១នឹងទទួល បានប្រាក់ចំនួន ៦០ម៉ឺនរៀល ,លេខ២ចំនួន៤៨ម៉ឺនរៀល និងលេខ៣ ចំនួន៤០ម៉ឺនរៀល ហើយសាលារៀនដែល ចុងភៅទទួលជ័យលាភី កំពុងបម្រើការក៏ទទួលបាន ៤០ម៉ឺន រៀលសម្រាប់ផ្គត់ផ្គង់បន្ថែម ដូចជាទិញសម្ភារ ផ្ទះបាយដើម្បី ផ្គត់ផ្គង់នៅកន្លែងចម្អិន អាហារពេលព្រឹកនៅសាលារៀន ផងដែរ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយកម្មវិធី ស្បៀងអាហារពិភពលោកបានចាប់ផ្តើមអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹកតាមសាលារៀននៅប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៩៩ ដើម្បីលើកកម្ពស់ការអប់រំរបស់កុមារមកពីគ្រួសារ ដែលងាយរងគ្រោះបំផុត គ្រួសារអសន្តិសុខស្បៀង ក្នុងទិសដៅ គាំទ្រនូវលទ្ធភាពទទួលបានការអប់រំជាសាកលដល់កម្រិតបឋមសិក្សា និងលើកកម្ពស់ការចូលរៀន។

បច្ចុប្បន្ននេះ មានចុងភៅស្ម័គ្រចិត្តជាងបីពាន់នាក់ ដែលកំពុង ចម្អិនម្ហូបផ្តល់ជូនសិស្សានុសិស្សនៅសាសាលាចំនួន ១១១៣ ដែលមានសិស្សានុសិស្សជាង ៣០ម៉ឺននាក់ ទទួលបានការ ឧបត្ថម្ភនេះ នៅក្នុងខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា។ ការផ្តល់អាហារនេះសម្រាប់សាលាមត្តេយ្យដល់បឋមសិក្សា៕ ដោយ៖ ឡាយ សាមាន

ads banner