កម្ពុជាបង្កើនដាក់ម៉ាស៊ីនស្កេនកំដៅនៅព្រលានយន្តហោះ (Video Inside)

កម្ពុជាបានបន្ថែមម៉ាស៊ីនស្កេនកំដៅចំនួន៣ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកសុខភាពជូនអ្នកដំណើរមកកម្ពុជា។ ការបង្កើនម៉ាស៊ីនស្កេនកំដៅនេះ បានទន្ទឹមនឹងប្រទេសចិនបានប្រកាសបើកច្រកទ្វារព្រំដែនរបស់ខ្លួនក្រោយការបិទជិត អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ ការបើកច្រកព្រំដែនចិនជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសក្នុងដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។

រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យស្ថានភាពអ្នកដំណើរ អញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងថា ក្រសួងសុខាភិបាលនឹងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅ ចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងច្រកធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា។

ads banner