ក្រោយប្រឡូកលើវិស័យសារព័ត៌មានអស់ជាច្រើនឆ្នាំ សាស្ត្រាចារ្យ មួយ រូបត្រលប់ទៅបង្កើតសាលាភាសាសម្រាប់សិស្សក្រីក្រ

ភ្នំពេញ៖ សាលាភាសាអន្តរជាតិនៅស្រុកកងមាស ខេត្តកំពង់ចាម មួយដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញ សង្គមនាពេលថ្មីៗនេះគឺជាស្នាដៃរបស់អតីតសាស្ត្រាចារ្យផ្នែកសារព័ត៌មានមួយរូប ដែលប្រឡូកក្នុងវិស័យសារព័ត៌មានតាំងតែពីឆ្នាំ ១៩៩២ នោះគឺលោក មឿន ឈានណារិទ្ធ។

ជារឿយៗលោកសាស្ត្រាចារ្យតែងបង្ហោះនូវរូបភាពក្មេងៗនៅទីជនបទដែលបានចូលរៀននៅសាលា ដែលលោកបានដាក់ឈ្មោះថា «សាលាភាសាអន្តរជាតិបូរ៉ុមបូរាណ (Borom Borann International Language School –BBILS)»។
តាមរយៈរូបភាពដែលលោកបានបង្ហោះ គេអាចឃើញក្មេងៗ ដែល រស់នៅក្នុងស្រុកកងមាស សប្បាយចិត្តឥតឧបមា ក្នុងការបានរៀន ភាសាបរទេស ដោយអស់ប្រាក់តិចតួច ខណៈពេលដែលពួកគេ ភាគច្រើន មិនមានលទ្ធភាពក្នុងការបង់ប្រាក់ច្រើន សម្រាប់រៀន នោះឡើយ។

បើតាមលោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ដែលជា នាយក សាលាភាសាអន្តរជាតិបូរ៉ុមបូរាណ បានឱ្យដឹងថា សាលាតូច មួយ នេះទើបតែត្រូវបានបង្កើតឡើងប្រមាណជិត៣សប្ដាហ៍កន្លងទៅប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ត្រឹមតែរយៈពេលខ្លីនេះ លោកគ្រូបានទទួលសិស្សចំនួន៤០នាក់ ហើយលោកក៏ រំពឹងថានឹងអាចកើនដល់១០០នាក់ នៅរយៈពេល បីខែខាងមុខ។
ចំពោះមូលហេតុនៃការបង្កើតសាលាភាសានេះឡើង លោក សាស្ត្រាចារ្យ បានប្រាប់ឱ្យដឹងថា ៖ «មូលហេតុសំខាន់នៃការបង្កើត សាលាភាសានេះឡើង គឺដើម្បីជួយកុមារក្រីក្របានរៀន ភាសា អង់គ្លេស ដូចកុមារមានជីវភាពធូរធារដទៃទៀត…ជារៀងរាល់ថ្ងៃ ខ្ញុំសង្កេតឃើញកុមារក្រីក្រ លួចមើលកុមារមានជីវភាពធូរធារ ស្លៀក ពាក់ឯកសណ្ឋានឡើងជិះឡានទៅរៀននៅសាលាភាសានៅទីប្រជុំជន»។

លោកសាស្ត្រាចារ្យបន្ថែមថា ៖ «ខ្ញុំធ្លាប់ជាកុមារក្រីក្ររស់នៅមណ្ឌល កុមារកំព្រា និងជាកុមារលក់ផ្កា ហើយបានតស៊ូរៀនសូត្រ រហូតដល់ មានចំណេះដឹងជ្រៅជ្រះផ្នែកភាសា និងជំនាញសារព័ត៌មាន ដូច្នេះ ខ្ញុំចង់ឃើញកុមារក្រីក្រ ខំប្រឹងតស៊ូកសាងជីវិតដូចខ្ញុំ កាលពីនៅកុមារ ភាពដែរ»។

លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ក៏មានគម្រោង បង្រៀន សិស្សបីវេនផងដែរ។ គឺពេលព្រឹក ពេលរសៀល និងពេលយប់។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ លោកបង្រៀនសិស្សមួយថ្នាក់ តែក្នុង ពេលរសៀលសិន ហើយលោកនឹងបែងចែកតាមវេនទាំងបី ពេល សិស្សចូលរៀនសាលារដ្ឋវិញ។

លោកបន្ថែមផងដែរថា ៖ «បន្ទាប់ពីសិស្សធំៗរៀនបានមួយឆ្នាំ ខ្ញុំនឹងបណ្តុះបណ្តាលពួកគេឱ្យក្លាយជា គ្រូភាសាលា ថ្នាក់ដំបូង ដើម្បីពួកគេអាចរកកម្រៃទ្រទ្រង់ជីវភាពបណ្តើរ និងរៀនបណ្តើរ»។
នៅពីក្រោមផ្ទះឈើដែលមានកម្ពស់សមល្មម លោកសាស្ត្រាចារ្យ បានរៀបជាតុឈើសម្រាប់សិស្សសរសេរ មានកៅអីជ័រសម្រាប់អង្គុយ មានក្ការខៀនចំនួនពីរខាងមុខ។ សិស្សដែលកំពុងរៀន ជាកុមារវ័យ ចម្រុះ ដែលរាប់ចាប់តាំងពីថ្នាក់ដំបូងតទៅ។ ក្រៅពីម៉ោងសិក្សា ទីធ្លាផ្ទះរបស់លោកគ្រូ បានក្លាយជាទីធ្លាសម្រាប់ក្មេងៗរត់លេង ប្រលែងគ្នាយ៉ាងមមាញឹកផងដែរ។

តាមរយៈទិដ្ឋភាពទាំងនេះ សប្បុរសជនមួយចំនួនបានបរិច្ចាគថវិកា ក៏ដូចជាសម្ភារៈសិក្សាផ្សេងៗជូនទៅដល់សាលាភាសារបស់លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធផងដែរ។ លោកសាស្ត្រាចារ្យ បាន បង្ហាញនូវសេចក្ដីរីករាយដែលមានសប្បុរសជនបានជួយឧបត្ថម្ភថវិកាដល់សាលាភាសាជាបន្តបន្ទាប់ ដែលបង្កលទ្ធភាពឱ្យលោកអាចទិញតុ កៅអី ក្តារខៀន សៀវភៅ និងសម្ភារសិក្សាដទៃ។

ម្យ៉ាងទៀត លោកបានយកកម្រៃបន្តិចបន្តួច ដើម្បីជួលគ្រូជំនួយ មួយចំនួនផងដែរ ខណៈ ដែលសាលាភាសាផ្សេងៗនៅ ទីប្រជុំជន យកកម្រៃពីសិស្សមួយខែប្រមាណ១០ដុល្លារទៅ១៥ដុល្លារក្នុងសិស្សមួយនាក់។ ចម្លែកតែសាលាភាសារបស់លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ យកកម្រៃត្រឹមពីរដុល្លារកន្លះ ឬស្មើនឹងមួយម៉ឺនរៀល ប៉ុណ្ណោះក្នុងមួយខែ។

លោកថា ៖ «ប្រសិនបើមានការជួយឧបត្ថម្ភសមរម្យបន្ថែមទៀត សាលានឹងសង់ថ្នាក់រៀនអំពីឈើបន្ថែមទៀត នៅពេលដែល ចំនួន សិស្សកាន់តែកើនឡើង»។
សម្រាប់ការបង្រៀនក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យដែល មានជំនាញផ្នែកព័ត៌មានរូបនេះ បានអះអាងថា លោកកំពុងជួប ប្រទះនឹងបញ្ហាមួយចំនួនដូចជាថ្នាក់រៀនមានតែមួយ ស្របពេល ដែលសិស្សមានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកឯគ្រូជំនួយក៏ពិបាកនឹងរក ដោយសារតែគ្រូដែល មាន ជំនាញពិតប្រាកដ ត្រូវមានប្រាក់ប្រចាំខែថ្លៃដូចគ្នា។ ដូច្នេះសម្រាប់ ពេលនេះលោកជាអ្នកបង្រៀនតែម្នាក់ឯងសិន។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតដែរថា សាលាលោកក៏មិនមាន មធ្យោបាយ ធ្វើដំណើរ សម្រាប់ដឹកសិស្សដែរ ដែលនេះក៏ជាបញ្ហា ផង ដែរ ដោយ លោកថាមានសិស្សមួយចំនួនមានផ្ទះនៅឆ្ងាយពីសាលា ហើយពួកគេ ខំស្កាត់មករៀន នៅសាលារបស់លោក។

ងាកទៅកាន់ជីវិតការងាររបស់លោកសាស្ត្រាចារ្យដែលមានគំនិតផ្តួចផ្ដើមក្នុងការការបង្កើតសាលាភាសាឯណោះវិញ បច្ចុប្បន្ន លោកជា សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យកម្ពុជា។

លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ បានចូលធ្វើការនៅកាសែត ភ្នំពេញប៉ុស្ត៍ចំនួនបួនឆ្នាំ ពីឆ្នាំ១៩៩២ ដល់១៩៩៥ មុននឹងក្លាយ ជាគ្រូបណ្តុះបណ្តាលជំនាញសារព័ត៌មាន នៅវិទ្យាស្ថានកម្ពុជា សម្រាប់ ការសិក្សាផ្នែកសារព័ត៌មាន ដែលលោកបានបណ្តុះបណ្តាល អ្នកសារព័ត៌មានចំនួន៨ឆ្នាំ រហូតដល់ឆ្នាំ២០០៣។

ចាប់ពីឆ្នាំ២០១០ លោកបានក្លាយជាសាស្រ្តាចារ្យសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងដែលបច្ចុប្បន្ននៅសាកលវិទ្យាល័យកម្ពុជា។

ដោយឡែក លោកធ្លាប់បានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស តាំង ពី៣៥ឆ្នាំមុន ហើយបានដកខ្លួនមកធ្វើជាអ្នកសារព័ត៌មានវិញ។ ប៉ុន្តែកាលពីប្រាំមួយខែមុន លោកក៏បានលាឈប់ពីអាជីពសារព័ត៌មាន តែលោកនៅតែបន្តបណ្ដុះបណ្ដាលជំនាញសារព័ត៌មានដដែល និង បានត្រឡប់ទៅរៀបចំដំណើរការបង្រៀនភាសាបរទេសឡើងវិញ។
លោកសាស្ត្រាចារ្យវ័យ ៥០ឆ្នាំប្លាយ រូបនេះបានឱ្យជាដំបូន្មានថា ៖ «ជាការពិត ជួយឱ្យមនុស្សមានធនធាន យើងចាំបាច់ត្រូវកសាង ធនធាន មនុស្សជាមុនសិន»៕
ដោយ៖កែវ បុស្បា

ads banner