អង្គការក្រៅរដ្ឋភិបាលបេះដូងមាសបង្កើនចំណេះដឹងផ្នែករដ្ឋបាលដល់លោកគ្រូអ្នកគ្រូវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា

លោក កែវ សុចិត្រា អនុប្រធានគម្រោងនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានលើកឡើងថា សិក្ខាកាមដែលជាគ្រូបង្រៀនក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទទួលបានពុទ្ធិច្រើនពីសិក្ខាសាលាស្តីអំពីកិច្ចការរដ្ឋបាលនៃវគ្គសិក្សាអប់រំកាយនិងកីឡា៤ឆ្នាំដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរយៈពេល៣ថ្ងៃ។ អនុប្រធានគម្រោងរូបនេះ បានបញ្ជាក់ក្រោយបិទបញ្ចប់សិក្ខាសាលា នាល្ងាចថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

លោកថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ អង្គការបានរៀបចំឡើង ដើម្បីជួយទៅដល់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្នុងការដំណើរការនូវកម្រិតថ្នាក់បរិញ្ញាបត្រប្រកបដោយប្រសិទ្ធភាពនិងគុណភាព។សិក្ខាសាលានេះ មានគោលបំណងធំចំនួនពីរ គឺទី១ការចែករំលែកព័ត៌មានអំពីការចាត់ចែងគ្រប់គ្រងសកលវិទ្យាល័យបែបគ្រឹះស្ថានឧត្តមសិក្សារបស់ប្រទេសជប៉ុន .ទី២ គឺ ផ្តល់ជូននូវចំណេះដឹងសម្រាប់លោកគ្រូអ្នកគ្រូដែលជាចំណែកនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលជួយកែប្រែឲ្យវិទ្យាស្ថានទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដែលតម្រូវឲ្យមានការជជែកពិភាក្សាគ្នាទទួលយកបទពិសោធថ្មីពីលោកគ្រូអ្នកគ្រូទទួលបានពីប្រទេសជប៉ុន។

លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានប្រសាសន៍ថា ឆ្លងកាត់សិក្ខាសាលារយៈពេល៣ថ្ងៃនេះ តាមរយៈកិច្ចពិភាក្សាជាក្រុម សិក្ខាកាមទទួលបាននូវគំនិតយោបល់មួយចំនួនពាក់ព័ន្ធនិងសកម្មភាព និងរចនាសម្ព័ន្ធគ្រប់គ្រងដែលវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាអាចយកមកគិតនិងពិចារណាក្នុងការកែលម្អបន្ថែមទៀត ដើម្បីឆ្លើយតបនិងតម្រូវការចាំបាច់។ទន្ទឹមជាមួយគ្នានេះដែរ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធធានាគុណភាពផ្ទៃក្នុងតាមបណ្តាសកលវិទ្យាល័យនានារបស់ជប៉ុន តាមរយៈបទបង្ហាញរបស់លោក សាស្រា្តចារ្យដែលជាគ្រូឧទ្ទេសប្រចាំវគ្គ ដែលនេះជាការងារដ៏មានសារៈសំខាន់សម្រាប់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាប្រើប្រាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រព័ន្ធធានាគុណភាពផ្ទៃក្នុងផ្អែកតាមស្ថានភាពជាក់ស្តែងរបស់អង្គភាព។

នាយិកាខាងលើ សង្កត់ធ្ងន់ទៀតថា តាមរយៈកិច្ចពិភាក្សាក្នុងសិក្ខាសាលាក្នុងរយៈ៣ថ្ងៃនេះ ជារួមសិក្ខាកាមទទួលបាន ព័ត៌មានមូលដ្ឋានចំណេះដឹងនិងបទពិសោធល្អជាច្រើន ដើម្បីពង្រឹងបន្ថែមលើការងាររដ្ឋបាល ការងារគ្រប់គ្រងអង្គភាពឲ្យមានភាពប្រសើរជាងមុននិង ដើម្បីឲ្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាអាចក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញប្រកបដោយគុណភាពដែលអាចធានាបាននូវការបណ្តុះបណ្តាលគ្រូអប់រំកាយប្រកបដោយគុណភាពនិងប្រសិទ្ធិភាពស្របតាមស្តង់ដារជាតិនិងអន្តរជាតិ។

ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា តំណាងអគ្គនាយកដ្ឋានកីឡា បានអំពាវនាវឲ្យសិក្ខាកាមដែលជាគ្រូទាំងអស់យកចំណេះដឹងដែលទទួលបានពីសិក្ខាសាលារយៈពេល៣ថ្ងៃនេះ យកមកប្រើប្រាស់អនុវត្តន៍ឲ្យត្រឹមត្រូវតាមស្តង់ដារ ដើម្បីកែប្រែវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពក្នុងការបណ្តុះបណ្តាល៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner