មន្ត្រីជំនាញដុតបំផ្លាញចោលបារីអេឡិចត្រូនិកជាង ៧ពាន់ប្រអប់ ក្រោយពីបង្ក្រាប និងរឹបអូសបានកន្លងមក

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិក (E-Cigarette) ចំនួន ២៨៨កាតុង ស្មើនឹង៧,២០០ប្រអប់ ក្រោយមន្រ្តីជំនាញ បានធ្វើការ បង្រ្កាប និងរឹបអូស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ។

មន្រ្តី ជំនាញ បានបញ្ជាក់ថា ការបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិកចំនួន ២៨៨កាតុង នាពេលនេះ ប្រារព្ធធ្វើឡើងនៅទីលានចាក់សំរាមខណ្ឌដង្កោ។

លោក ហេង មាលី បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលចម្រុះ មួយកន្លែងដែលមានអាសយដ្ឋាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន កប.ប. បានរកឃើញ និងដកហូតជាបណ្តោះអាសន្ននូវផលិតផលដូចជា៖ បារីអេឡិចត្រូនិក (E-Cigarette) ម៉ាក UOLO ចំនួន ៣,៦០០ប្រអប់, ម៉ាស៊ីនសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់, ក្បាលសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់។

គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ថា ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផលបារីអេឡិចត្រូនិក (E-Cigarette) អេចស្ប៉ូ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner