រដ្ឋបាលរាជធានីភ្នំពេញឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបញ្ឈប់ការជួបជុំជាបន្ទាន់ និងព្រមានចាត់វិធានការច្បាប់

ភ្នំពេញ៖ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើបាតុកម្មមិនស្របច្បាប់ដោយធ្វើការដើរហែក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញយ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការតាមច្បាប់ បើសិនជាមិនបញ្ឈប់សកម្មភាពនៅរាល់សកម្មភាពប្រមូលផ្តុំជួបជុំសម្តែងមតិមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានធ្វើលិខិតព្រមានជាលាយលក្ខអក្សរដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជម្រាបទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្ដុំសម្តែងមតិ​ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សាអំពីសំណើខាងលើ ហើយបានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតលេខ០០៤ សគកឯ ខាងលើ ឱ្យស្របតាមលក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងដែលត្រូវបានធ្វើវិសោធនកម្មនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៥ សគកឯ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្ដែងមតិ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រីមកប្រជុំ កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យឃើញថា កម្មវត្ថុនៃការសម្តែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និង លោកស្រី ក៏បានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំឱ្យស្របតាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោងខាងលើ។

ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យបានធ្វើការបាតុកម្មលើ ទ្រូងផ្លូវសាធារណៈនៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ទង្វើខាងលើនេះ ជាសកម្មភាពមិនស្របច្បាប់ ដូចខាងក្រោម៖
១៖ មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកស្រីមិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សាជាថ្មីឡើយ។
២៖ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានជាលាយលក្ខណ៍អក្សរចំពោះលោកស្រី អ៊ុក ឆាយ៉ាវី និងលោក ឡុង រឹម ហើយស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រមូលផ្ដុំជួបជុំសម្តែងមតិ ដែលមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រីនៅតែបន្តសកម្មភាពបែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ

ads banner