គន្លឹះអានសៀវភៅចងចាំបានល្អ និងបានចំនួនច្រើន

ភ្នំពេញ៖ យុគសម័យបានផ្លាស់ប្ដូរពីសម័យកាលមួយទៅសម័យកាលមួយទៀតស្របតាមការវិវត្តរបស់បច្ចេកវិទ្យា និងការរស់នៅរបស់មនុស្ស។ របត់សង្គមបានអភិវឌ្ឍផ្នត់គំនិតមនុស្សឱ្យចាប់យកអ្វីដែលថ្មីសម្រាប់ខ្លួនដើម្បីបង្កើនសមត្ថភាពទាំ ង ចំណេះដឹង និងចំណេះធ្វើ។

ការអាន ជាកត្តាសំខាន់សម្រាប់សិស្ស និស្សិត និងមនុស្សផ្សេងទៀតដែលត្រូវពង្រីកចំណេះដឹ ងក្នុងជំនាញ និងមុខរបររបស់ខ្លួន។
ទោះបីជាការអានមានភាពចំបាច់សម្រាប់ជីវភាពរបស់ខ្លួនក៏ពិតមែន ប៉ុន្តែការអាននៅតែមានកម្រិតសម្រាប់កម្ពុជា។ សិស្សា នុសិស្ស និស្សិតភាគច្រើនដែលបានអានសៀវភៅ គឺដោយសារតែបំពេញកិច្ចការស្រាវជ្រាវ ការសិក្សាដែលលោកគ្រូអ្នកគ្រូ ឬសាលាដាក់ឱ្យធ្វើ។ ប៉ុន្តែក៏មានសិស្ស និស្សិតមួយចំនួនបានជក់ចិត្តនឹងការអាននេះផងដែរ។ សិស្ស និស្សិត និងប្រជាព ល រដ្ឋភាគច្រើនតែងនិយាយថា រាល់ពេលអាន តែងតែធ្វើឱ្យខ្លួនមានអារម្មណ៍ខ្ជិល និងងងុយជាដើម។

ឆ្លើយតបនឹងវិធីសាស្ត្រអានឱ្យមានប្រសិទ្ធភាពនេះ លោក លី តារា បានប្រាប់គន្លឹះអានសៀវភៅរបស់ខ្លួនដូច្នេះថា ៖ «វិធីសាស្ត្រដែលខ្ញុំមាន ហើយបានច្នៃសម្រាប់ខ្លួនឯង គឺទីមួយ ជ្រើសរើសចំណងជើងសៀវភៅហើយឈ្មោះអ្នកនិពន្ធ មើលទៅលើចំនួនទំព័រសៀវភៅសរុប បន្ទាប់មកមើលទៅលើចំនួនជំពូកឬមេរៀនក្នុងសៀវភៅសរុប បន្តមកទៀតមើលទៅលើទំព័ររ បស់ជំពូក ឬមេរៀនថាប្រហែលមានប៉ុន្មានជាមធ្យម ហើយក្នុងមួយទំព័រមានប្រហែលប៉ុន្មានជួរ និងមួយជួរមានប្រហែលប៉ុ ន្មានពាក្យ»។

លោកបានអះអាងបន្ថែម ៖ «គោលបំណងដែលធ្វើបែបនេះ គឺដើម្បីគណនាធៀបនឹងពេលវេលាជាក់ស្ដែងដែលខ្ញុំមានដើម្បីអានសៀវភៅមួយក្បាលនោះឱ្យចប់ ព្រោះសៀវភៅខ្លះមានដល់២០០ទំព័រ ដូច្នេះខ្ញុំត្រូវគណនាមើលថា ត្រូវចំណាយពេលវេ លាប៉ុន្មានម៉ោងដើម្បីអានសៀវភៅហ្នឹងឱ្យបានចប់។ អ៊ីចឹងទៅខ្ញុំត្រូវអានឱ្យចប់ ព្រោះខ្ញុំមិនចង់អានដាច់ៗទេ បើថាសៀវភៅនោះអានបួនម៉ោងចប់ គឺខ្ញុំអានឱ្យចប់តែម្ដង»។
លោក លី តារា បានបន្តថា ប៉ុន្តែបើសៀវភៅនោះ ត្រូវចំណាយពេលវេលាអានដល់ប្រាំមួយម៉ោង ឬក្រោមដប់ម៉ោង គឺ លោកព្យាយាមអានឱ្យចប់តែម្ដង ហើយបើសៀវភៅនោះត្រូវចំណាយពេលលើស១០ម៉ោង លោកនឹងអានពីរ ទៅបីដង ឬអាចថាដល់ប្រាំដងក៏មាន។

ជាធម្មតាភ្នែក ពេលសម្លឹងអានសៀវភៅ គឺក្រសែភ្នែករត់ទៅតាមជួរ ឬបន្ទាត់សៀវភៅនីមួយៗ អ្នកខ្លះអាចសម្លឹងមើលបានច្រើនពាក្យ អ្នកខ្លះក៏សម្លឹងមើលបានតិចពាក្យ។

ចំណុចនេះ លោកបញ្ជាក់ថា ៖ «អ្នកខ្លះអាចមើលពីដើមបន្ទាត់រហូតដល់ចុងបន្ទាត់ គឺអាចចន្លោះពី១៦ ទៅ ២០ពាក្យ។ ខ្ញុំនិយាយនេះចំពោះពាក្យជាភាសាអង់គ្លេស ប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯង ខ្ញុំអាចសម្លឹងអានបានចន្លោះពី១០ ទៅ ១៤ពាក្យ ព្រោះក្នុងចន្លោះហ្នឹងខ្ញុំអាចយល់ពីអត្ថន័យរបស់សៀវភៅបាន គឺខ្ញុំសង្កេតឃើ ញខ្លួនឯងថា ខ្ញុំឆាប់ចាប់បាន និងយល់បានល្អជាងពីការសម្លឹងមើលពី១៥ ទៅ ២០ពាក្យ»។

ការជ្រើសរើសប្រភេទសៀវភៅមកអាន ជារឿងចាំបាច់សម្រាប់មនុស្សម្នាក់ដែលចង់មានទម្លាប់អានសៀវភៅឱ្យបានល្អ និងមិ នមានអារម្មណ៍ធុញទ្រាន់ពេលចាប់អានសៀវភៅ ឬឯកសារចំណេះដឹងនានា។ លោក លី តារា បានបញ្ជាក់បន្ថែមទៀតថា ៖ «សៀវភៅដែលខ្ញុំអានភាគច្រើនទាក់ទងទៅនឹងវិស័យការងារ ការធ្វើអាជីវកម្ម ការត្រៀមខ្លួនសម្រាប់អាជីពការងារ ទាក់ទងនឹងផ្នែកការធ្វើទីផ្សារ ការលក់យីហោរ (Branding) និងមួយចំនួនទៀតទាក់ទងទៅនឹងសហរដ្ឋអាម៉េរិក។ មូលហេតុដែលខ្ញុំអានច្រើនពីអាម៉េរិក ព្រោះមានឯកសារជាច្រើនដែលខ្ញុំអាន មានក្នុងបណ្ណាល័យអេឡិកត្រូនិចដែលអាចឱ្យយើងបើកអានសេរីទូទាំងពិភពលោកបាន»។

សូមបញ្ជាក់បន្ថែមថា លោក លី តារា ជាអ្នកនិពន្ធខ្មែរវ័យក្មេងមួយរូបដែលមានសមត្ថភាពនិពន្ធសៀវភៅជាភាសាបរទេសក្នុងមួយឆ្នាំចន្លោះពី២ ទៅ បួនចំណងជើង ហើយជាអ្នកស្រឡាញ់ និងចូលចិត្តអាន។
លោកអានសៀវភៅដែលបានកត់ចំណាំទុកក្នុងឆ្នាំ ២០១៣ ដល់ ២០១៦ បានចំនួន ៧៧៩ក្បាល។ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោកមិនបានរាប់ចំនួនទេ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មកដល់ពេលនេះ លោកអានសៀវភៅបានចំនួន២២៥ក្បាល។ ចំពោះសៀវភៅដែលលោក លី តារា ជ្រើសរើសយកមកអានភាគច្រើនមានកម្រាស់ចន្លោះចាប់ពី ១០០ទំព័រ ទៅ៣០០ទំព័រ ៕
ដោយ:ហ៊ួន ស៊ីឡូន

ads banner