កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាពី គម្រោង សមយុទ្ធ នុយក្លេអ៊ែរ ខណៈភាពតានតឹងជាមួយកូរ៉េខាងជើង កំពុងពុះកញ្ជ្រោល
សេអ៊ូល៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ល (Yoon Suk-yeol) បានលើកឡើងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុង ពិភាក្សាគ្នាពីការធ្វើសមយុទ្ធរួមគ្នាដោយប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចាត់ទុកកូរ៉េ ខាងត្បូង ថាជាសត្រូវមិនចេះលាក់មុខ ដែលបានបង្កឱ្យ មាន តានតឹង កាន់តែខ្លាំងនៅតំបន់ព្រំដែន។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតី យូន បានធ្វើឡើងនៅ ក្នុងបទសម្ភាសដល់កាសែតមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការរៀបចំធ្វើ សង្រ្គាម ដោយប្រើប្រាស់នូវសមត្ថភាពយោធា និងសព្វាវុធដ៏ច្រើនលើស លុបរបស់ខ្លួន។ ការអំពាវនាវនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានកត់ សម្គាល់ឃើញថាមានកំណើននៃចំនួនកំណត់ត្រាសាកល្បងបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងការឈ្លានពានដោយ យន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសភាគខាងត្បូងរបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន។
លោក យូន បាននិយាយនៅក្នុងបទសម្ភាសជាមួយ កាសែត មួយដែលមានឈ្មោះថា Chosun Ilbo ថា «អាវុធនុយ ក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀនចំផែនការ ការចែករំលែកព័ត៌មាន ការធ្វើសមយុទ្ធ និងការហ្វឹកហាត់ គួរតែធ្វើឡើងរួមគ្នារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក»។ កាសែតនេះ បានដកស្រង់សម្តីលោក យូន ដែលបានថ្លែង ផងដែរថា ការរៀបចំផែនការធ្វើសមយុទ្ធរួមគ្នាមានគោល បំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវវិធានការរារាំងបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនក៏ យល់ឃើញជាវិជ្ជមានផងដែរជុំវិញគំនិតផ្ដួចផ្ដើមមួយនេះ។
ពាក្យថា «ការរារាំងបន្ថែម» មានន័យថា សមត្ថភាពរបស់ យោធាសហរដ្ឋអាមេរិក ជាពិសេសកម្លាំងអាវុធនុយក្លេអ៊ែរ អាចទប់ស្កាត់ការវាយប្រហារណាមួយដែលអាចកើតមានឡើងទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
ដោយឡែក នៅពេលដែលមានការសួរនាំអំពីការអត្ថា ធិប្បាយ របស់ប្រធានាធិបតី យូន អ្នកនាំពាក្យមន្ទីរបញ្ចកោណបានលើក ឡើងថា ៖ «យើងមិនមានអ្វីត្រូវប្រកាសនៅថ្ងៃនេះនោះទេ» ដោយលោកបានបន្ថែមថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរនៅ តែ មានភាពរឹងមាំជានិច្ច។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយ របស់លោក យូន ត្រូវបានបោះពុម្ពផ្សាយមួយថ្ងៃបន្ទាប់ ពី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថាមេដឹកនាំរបស់ខ្លួនគឺលោក គីម បានអំពាវនាវឱ្យមានការអភិវឌ្ឍ មីស៊ីល ផ្លោងអន្តរទ្វីប ឬហៅកាត់ជាភាសាអង់គ្លេសថា ICBMs និងការ ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរជាទ្វេគុណ។
កាលពីសប្តាហ៍មុន នៅឯកិច្ចប្រជុំបក្សពលករដែលកំពុងកាន់ អំណាច លោក គីម បានថ្លែងថា ឥឡូវនេះកូរ៉េខាងត្បូងបាន ក្លាយ ជាសត្រូវដោយបើកចំហរបស់កូរ៉េខាងជើង ហើយ លោកក៏បានដាក់ចេញនូវគោលដៅយោធាថ្មី នោះគឺការធ្វើតេស្ត សាកល្បងអាវុធបន្តទៀត ខណៈភាពតានតឹងហាក់នឹងមិនមាន ភាពធូរស្រាលនោះទេក្នុងរយៈពេលមួយឆ្នាំទៅមុខទៀត។
គួរកត់សម្គាល់ថា កន្លងមក ទំនាក់ទំនងរវាងប្រទេសកូរ៉េ ទាំងពីរនៅ មានភាពល្អក់កករ ហើយក៏ត្រូវបានរង្គោះរង្គើ កាន់តែខ្លាំងបន្ថែមទៀត ចាប់តាំងពីលោក យូន បាន ឡើងចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងខែឧសភា ដោយលោកបានសន្យាថា នឹងប្រកាន់គោលជំហរ យ៉ាងតឹងរ៉ឹងជាមួយកូរ៉េខាងជើង។
គួររម្លឹកថា កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយ ចេញពីឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួន ក្នុងពេលរាត្រីដ៏ស្ងប់ស្ងាត់ ដែលនោះអាចជាការបាញ់ សាកល្បងដើម្បីអបអរថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីខ្លួនបានបាញ់ផ្លោង ចំនួនបីគ្រាប់រួចមកហើយផងដែរកាលពីថ្ងៃសៅរ៍កន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនឹងត្រូវបាន បាញ់ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ធំបំផុតរបស់ខ្លួន ដែល លោក គីម បានថ្លែងថា «កូរ៉េខាងជើងអាចមានសមត្ថភាព បាញ់កម្ទេច កូរ៉េខាងត្បូងទាំងមូល ដោយគ្រាន់តែប្រើប្រាស់ នូវក្បាលគ្រាប់នុយក្លេអ៊ែរតាកតិច»។
ការជំរុញការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើ ឱ្យមានការជជែកដេញដោលជុំវិញបញ្ហាថាតើកូរ៉េខាងត្បូងគួរអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដែរឬទេ ប៉ុន្តែលោក យូន បានបញ្ជាក់ពី ជំហរនៅក្នុងបទសម្ភាស ថាការប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅតែមានសារៈសំខាន់។ ក៏ប៉ុន្តែ ដើម្បីទប់ទល់នឹងការគម្រាមកំហែងរបស់កូរ៉េខាងជើង អង្គភាពយោធាកូរ៉េខាងត្បូងបានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបានបង្កើតនាយកដ្ឋានថ្មីក្រោមអគ្គសេនាធិការចម្រុះ ដើម្បីទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងអាវុធប្រល័យលោក របស់កូរ៉េខាងជើងរួចជាស្រេចហើយ។
ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើងក៏បានធ្វើការ រុះរើថ្នាក់ ដឹកនាំ យោធារបស់ខ្លួន ដោយបានបណ្តេញលោក ផាក ចុងឆុន (Pak Jong Chon) ដែលជាមន្ត្រីយោធាលំដាប់ទីពីរ បន្ទាប់ពី លោក គីម និងជំនួសវិញដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន និងជាប្រធានអគ្គសេនាធិការនៃកងទ័ពកូរ៉េខាងជើង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ហេតុផលនៅពីក្រោយការបណ្ដេញចេញ លោក ផាក មិនត្រូវបានគេដឹងនោះទេ។ ទីក្រុងព្យុងយ៉ាងតែងតែធ្វើការផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួនជាទៀងទាត់ និងតែងតែប្រើប្រាស់ព្រឹត្តិការណ៍ គណបក្សដើម្បី ប្រកាសអំពីការរុះរើមន្ត្រីសំខាន់ៗ។
លោក ហុង មិន (Hong Min) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បានលើកឡើង ថា ឆ្នាំនេះអាចជាឆ្នាំនៃវិបត្តិធ្ងន់ធ្ងរ ដោយសារតែភាពតាន តឹងផ្នែក យោធានៅឧបទ្វីបកូរ៉េនឹងកើនឡើងកាន់តែខ្លាំង ជាងកាលពីឆ្នាំ២០១៧ ដែលកាលនោះទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលប្រភេទ ICBM ជាលើកដំបូង និងជាគម្រប់ចំនួនតេស្ដនុយក្លេអ៊ែររបស់ខ្លួនជាលើកទី៦។
អ្នកស្រាវជ្រាវរូបនេះបានមានប្រសាសន៍ថា ៖ «ការប្រកាន់ ជំហរដ៏រឹងរូសរបស់កូរ៉េខាងជើង និងការអភិវឌ្ឍគ្រឿង សព្វាវុធ ដ៏ខ្លាំងក្លាដើម្បីទប់ទល់ជាមួយសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក អាចនឹងបង្កើនភាពតានតឹងមួយកម្រិតទៀត ដែលអាច ឈានដល់ការប៉ះទង្គិចណាមួយ។ យើងមិនអាចដឹងមុនទេថាតើភាគីទាំងពីរអាចនឹងមានការយល់ច្រឡំអំពីស្ថានការណ៍ណាមួយ ដែលបណ្ដាលឱ្យឈានដល់ការ ប៉ះទង្គិច ឬក៏អត់នោះទេ»៕
ដោយ៖ធា សុខណា
https://www.reuters.com/world/asia-pacific/south-korea-us-eye-exercises-using-nuclear-assets-yoon-says-newspaper-2023-01-02/