កម្ពុជា កំពុងប្រើប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា-កូរ៉េ ដើម្បីទាក់ទាញវិនិយោគិនកូរ៉េបន្ថែម
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងជំរុញឱ្យមានការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)និងខិតខំទាក់ទាញវិនិយោគិនកូរ៉េ ឱ្យមកវិនិយោគបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បាន ចូល ជាធរមានអស់រយៈពេលជាងមួយខែ។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ក្រោយពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាង កម្ពុជា និង កូរ៉េ (CKFTA) បានជាចូល ជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មកកម្ពុជា និង សាធារណរដ្ឋកូរ៉េ បន្តជំរុញឱ្យមានការប្រើប្រាស់កិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីនេះ ខណៈដែលការដាក់ពាក្យស្នើអាជ្ញាប័ណ្ណ វិធានប្រភពដើមទំនិញ ពីសំណាក់អ្នកនាំចេញមានកំណើន ជាបន្តបន្ទាប់។
លោកបានបន្ថែមទៀតថា កម្ពុជាកំពុងតែខិតខំប្រឹងប្រែង ទាក់ ទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគបន្ថែមជាពិសេសវិនិយោគលើផលិតផលទំនិញ សម្រាប់នាំចេញទៅប្រទេសកូរ៉េ និងនាំ ទៅកាន់ប្រទេសទី៣ផងដែរ។
លោកបានបញ្ជាក់ទៀតថា ៖« បន្ថែមពីលើនេះទៀត ភាគី ទាំងពីរ នឹងបង្កើតគណៈកម្មាធិការចម្រុះ ក៏ដូចជា ក្រុមកាងារ ដើម្បីតាមដាន និងត្រួតពិនិត្យលើប្រតិបត្តិការ និងការអនុវត្ត កិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់»។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា និង កូរ៉េ (CKFTA) សភាពាណិជ្ជកម្មកម្ពុជាបានចូល រួមយ៉ាងសកម្ម តាំងពីមុនពេលផ្ទុះជំងឺកូវីដ១៩មកម៉្លេះ រហូតដល់បានចូលជាធរមានដូចសព្វថ្ងៃនេះ ដែលបានជំរុញ ឱ្យការនាំចេញនាំចូលរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថា ការវិនិយោគមកពីប្រទេសកូរ៉េ ភាគច្រើន លើវិស័យវាយនភណ្ឌកាត់ដេរ ការដំឡើងគ្រឿងបរិក្ខាអគ្គិសនី កសិកម្ម និងសំណង់អចលនទ្រព្យផងដែរ ។កូរ៉េជាប្រទេសមួយ មានការវិនិយោគច្រើន នៅក្នុងចំណោមប្រទេសទាំងប្រាំ ដែល មានការវិនិយោគច្រើនជាងគេនៅកម្ពុជា។
អ្នកឧកញ៉ាបានបញ្ជាក់ថា ៖ «នាពេលអនាគត ប្រទេសយើង នឹងចាកផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្មផ្សេងទៀត ដូចនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិតជាមាន សារៈណាស់។ ក្រៅពី CKFTA យើងក៏រំពឹងថា FTA ដទៃទៀត អាចជាឈ្នាន់សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា ជំនួសការ អនុគ្រោះ ទាំងនោះ»។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការប្រៀបធៀប កម្រិតសេរីភាវូបនីយកម្មច្រកចូលទីផ្សារ ដែលកម្ពុជាទទួលបាន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ នៅក្នុង ឆ្នាំ២០១៩ មានប្រមាណ ៩៥ ,០៣ ភាគរយ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈ១១ខែ ឆ្នាំ២០២២កន្លងទៅ ការ ដោះដូរ ពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ មានកំណើនតិច តួច ប៉ុណ្ណោះ ដែលមានទំហំទឹកប្រាក់សរុបជាង៧១១លាន ដុល្លារ អាមេរិក កើនឡើងត្រឹម១ភាគរយ បើធៀបរយៈដូចគ្នា ក្នុងឆ្នាំ ២០២១។ក្នុងនេះកម្ពុជានាំចេញទៅកូរ៉េ មានទំហំទឹក ប្រាក់ ជាង២០៧លានដុល្លារអាមេរិក កើនឡើងជាង២០ភាគរយ ខណៈដែលការនាំចូលពីកូរ៉េ មានទំហំទឹកប្រាក់ជាង៥០៣ លានដុល្លារ ធ្លាក់ចុះជាង៥ភាគរយ បើធៀបរយៈដូចគ្នា ក្នុងឆ្នាំ២០២១៕
ដោយ៖វណ្ណ សុជាតា