អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយចំនួន បានត្រៀមលក្ខណៈ ជាស្រេច តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន ទឹក និងឧតុនិយម
ភ្នំពេញ៖ អាជ្ញាធរក្នុងខេត្តជាប់មាត់សមុទ្រមួយចំនួនបាន ត្រៀម កម្លាំងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកនេសាទ និងអ្នក ទេសចរនៅតំបន់មាត់សមុទ្ររួចហើយ បន្ទាប់ពីក្រសួង ធនធានទឹក និងឧតុនិយម បានជូនដំណឹងថាបណ្តាខេត្ត នៅ តំបន់ មាត់សមុទ្រ ទំនាបកណ្តាល និងតំបន់ខ្ពង់រាប នឹងអាច មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី៤ ខែមករានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៣ ខែមករា បានឱ្យដឹងថា កម្ពុជានឹង ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន ក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី ៤ ដល់ទី១០ ខែមករា ឆ្នាំ២០២៣ ដែលធ្វើឱ្យនៅតំបន់ មាត់ សមុទ្រអាចនឹងមានភ្លៀងធ្លាក់ និងរលកសមុទ្រពីមធ្យម ទៅបង្គួរផងដែរ។បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ថា បើ យោងទៅលើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺមានការប្រែប្រួលខ្លាំងនៅតំបន់មាត់សមុទ្រ ដែលអាចមានភ្លៀងធ្លាក់ និងរួមជាមួយនឹងខ្យល់បក់ពីកម្រិត បង្គួរ ទៅកម្រិតខ្លាំង ហើយនៅលើផ្ទៃសមុទ្រក៏អាចមាន រលក សមុទ្រផងដែរ ។ករណីទាំងអស់នេះ ត្រូវផ្សព្វផ្សាយឱ្យ ប្រជា ពលរដ្ឋ មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ជាពិសេសអ្នកដែល ប្រកប របរនិងរស់នៅលើផ្ទៃសមុទ្រ។
ឯកឧត្តមបញ្ជាក់ថា កន្លងមកនៅតំបន់សមុទ្រមិនមែន ទើប តែ ចាត់វិធានការនានាខណៈពេលមានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនោះទេ តែអាជ្ញាធរខេត្តកែប បានធ្វើការងារទាំងនេះអស់រយៈពេលយូរឆ្នាំមកហើយ ទាំង ការរៀបចំកងកម្លាំង និងសម្ភាររក្សាសុវត្ថិភាព ក្នុងការពារដល់ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។ លោកថា ជាពិសេស គឺ ការ ណែនាំទៅដល់អ្នកនេសាទ ប្រជាពលរដ្ឋ និងអ្នកទេសចរ ជាដើម ក្នុងការធ្វើដំណើរនៅតាមផ្ទៃទឹកសមុទ្រ ឱ្យមានការប្រុង ប្រយ័ត្ន ខណៈពេលមានខ្យល់ មានភ្លៀងផងដែរ។
ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា ៖ «យើងមានយន្តការច្រើន គឺមានបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ដែលឈរជើងនៅបណ្ដាកោះទាំងបី មាន កោះអាចម៍សេះ កោះពោធិ៍ និងកោះការ៉ាង។ ក្រៅពីហ្នឹងយើងមានយន្តការ ខាង រដ្ឋបាលជលផលក៏មានមធ្យោបាយក្នុងការត្រួតពិនិត្យលើបទល្មើសនេសាទផ្សេងៗ។ប៉ុន្តែពេលហ្នឹងក៏យើងអាចឱ្យពួកគាត់ ទៅណែនាំប្រជានេសាទក្នុងសហគមន៍ឱ្យមានការប្រុងប្រយ័ត្នផងដែរ»។
អភិបាលខេត្តរូបនេះ បានបន្ថែមទៀតថា ការបម្រែបម្រួល អាកាស ធាតុនៅលើផ្ទៃសមុទ្រ គឺវាមិនមែនជារឿងដែលប្លែក និងជារឿងអ្វីដែលថ្មីដែរ ដោយសារអាជ្ញាធរបានត្រៀម ការងារ ការពារនេះជាប្រចាំ ហើយនិងតែងតែធ្វើវា ដើម្បីឆ្លើយតបទៅ នឹង បញ្ហាបន្ទាន់។
ចំណែកអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ក៏ បានបញ្ជាក់ដែរថា ដោយសារខេត្តព្រះសីហនុ ជាខេត្តដែល សម្បូរទៅដោយព្យុះភ្លៀង។ ដូច្នេះការបង្ការ និងការទប់ស្កាត់ របស់អាជ្ញាធរខេត្ត គឺមានការត្រៀមលក្ខណៈជាប់ជាប្រចាំ។
លោកបន្តថា ៖ «រាល់ពេលដែលទទួលបានព័ត៌មានពីការ ព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម គឺ រដ្ឋបាលខេត្តតែងតែធ្វើការពិនិត្យ ហើយធ្វើការណែនាំ ប្រសិនជាឃើញកម្រិតខ្យល់ កម្រិតទឹករលក ដែលឈាន ដល់កម្រិតអាចមានការប្រុងប្រយ័ត្នហើយ ត្រូវតែមាន ការ អន្តរាគមន៍ភ្លាមៗ»។
លោកបន្តថា រដ្ឋបាលខេត្តតែងតែណែនាំខាងនគរបាល ការពារ ព្រំដែនទឹក រួមជាមួយប្រជានេសាទទាំងអស់ ត្រូវតែមានការ ទប់ស្កាត់ ការធ្វើដំណើរ ឬក៏ការប្រកបអាជីវកម្មនេសាទ ផ្សេងៗ នៅលើទឹកជាដើម។
លោក ឡុង ឌីម៉ង់ ថា ៖ «ដូច្នេះហើយ យើងបានត្រៀម លក្ខណៈ បានគ្រប់គ្រាន់ ទាំងផ្លូវទឹក ចំណែកខាងផ្លូវគោក ក៏ដូចគ្នាដែរ ប៉ុន្តែអ្វីដែរសំខាន់បំផុត គឺយើងបានធ្វើការ ផ្សព្វផ្សាយអប់រំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់តាមជំនាញផ្សេងៗ ហើយនិងការបង្ការស្បៀង ការបង្ការថ្នាំសង្កូវ និងកាបង្ការនូវកងកម្លាំងក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋជាដើម»។
លោកបន្តថា ក្រៅពីនេះទៀត គឺអាជ្ញាធរក៏ត្រៀមនូវឧបករណ៍ ផ្សេងៗ រួមមាន អាវពោង ទូក កាណូត និងការត្រៀមកងកម្លាំង និងសម្ភារៈនានា ដើម្បីស្ដារឡើងវិញ។
អភិបាលរងរូបនេះបានបន្ថែមថា ចំពោះអាកាសធាតុនៅថ្ងៃទី៤ ខែមករា នេះ ក៏មានការព្រួយបារម្ភខ្លះដែរ ប៉ុន្តែលោកថា នឹង មិនយករឿងព្រួយបារម្ភនេះ មកធ្វើឱ្យមានភាពអសកម្មក្នុងការ បម្រុងទុកនោះទេ ពីព្រោះខេត្តព្រះសីហនុចាត់ទុកបញ្ហា បម្រែ បម្រួលអាកាសធាតុនេះ មិនមែនជាបញ្ហាថ្មីឡើយ។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប បានរងគ្រោះដោយខ្យល់កន្ត្រាក់ ដែល ធ្វើឱ្យខូតខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់រាប់ពាន់ខ្នង៕
ដោយ៖ជា សុខនី