ក្រុមហ៊ុននាំចេញមៀនប៉ៃលិន កោតសសើរពីគុណភាព មៀន ប៉ៃលិន ដែលទិញពីខេត្តប៉ៃលិន
ភ្នំពេញ៖ ក្រុមហ៊ុនឆាយណា ជីនវ័រយាន អ៊ីមផត អិចផត ខេមបូឌា ដែលជាក្រុមហ៊ុនទទួលទិញមៀនប៉ៃលិនពីកសិករ សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងថា គុណភាព និងរូបរាងមៀនប៉ៃលិន របស់កសិករ និងម្ចាស់ចម្ការនៅក្នុង ខេត្តប៉ៃលិន គឺល្អជាង មៀនប៉ៃលិន ដែលដាំដុះនៅខេត្ត ដទៃទៀត។
លោក សារ ចំរើន តំណាងក្រុមហ៊ុនឆាយណា ជីនវ័រយាន បាន ប្រាប់ថា គុណភាពមៀនប៉ៃលិនរបស់ម្ចាស់ចម្ការចំនួន៤៧ នៅក្នុងខេត្តប៉ៃលិន មានគុណភាពល្អជាងមៀនប៉ៃលិននៅ ខេត្ត ដទៃ ទាំងរូបរាង និងរសជាតិ ដែលការលើកសរសើរនេះ គឺ បានមកពីប្រជាជនចិន ដែលទិញបរិភោគ បន្ទាប់មៀននេះ បាននាំចេញជាបន្តបន្ទាប់កាលពីដើមខែតុលាកន្លងទៅ។
លោក ចំរើន បានបន្ថែមថា ក្រុមហ៊ុនបានបន្តលើកទឹកដល់ ម្ចាស់ ចម្ការទាំងអស់ខិតខំប្រឹងប្រែង ដាំមៀនប៉ៃលិនឱ្យបាន ល្អដោយធ្វើយ៉ាងណាគោរពទៅតាមលក្ខខណ្ឌភូតគាមអនាម័យ ដែលអគ្គរដ្ឋបាលគយចិនបានកំណត់ ទើបការនាំចេញមិន មានបញ្ហា និងទទួលបានការបញ្ជាទិញកាន់តែច្រើន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមហ៊ុនបានប្រមូលទិញមៀនប៉ៃលិនជារៀងរាល់ថ្ងៃពីម្ចាស់ចម្ការ ដែលមិនត្រឹមតែក្នុង ខេត្តប៉ៃលិននោះ រួមទាំងខេត្តបាត់ដំបង បន្ទាយមានជ័យ ជាដើម។ ក្រុមហ៊ុនចិនមើលឃើញថា មៀនប៉ៃលិន ដែលដាំដុះ ក្នុងខេត្តប៉ៃលិន ដាំដុះបានស្អាតល្អជាងគេ ធ្វើឱ្យខាងប្រទេស ចិនគេពេញចិត្តណាស់»។
ប៉ុន្តែបច្ចុប្បន្នអ្នកដាំដុះមៀនប៉ៃលិន កំពុងជួបបញ្ហាប្រឈម នឹងការខ្វះខាតទឹក ក្នុងការស្រោចស្រពដំណាំ ដែលការនាំឱ្យ ទិន្នផលមៀនធ្លាក់ខ្លះដែរ។ ទន្ទឹមនឹងនេះ ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ឱ្យដឹងថា ការដាំដុះមៀនប៉ៃលិន កំពុងតែ ជួបបញ្ហាប្រឈមខ្លះទាក់ទងនឹងកង្វះខាតប្រព័ន្ធធារាសាស្ត្រស្រោចស្រពនិងមានកសិករមួយចំនួនធំមិនទាន់អនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម ឱ្យអនុវត្តការដាំដុះតាមGAP នៅ ឡើយ។
លោកបានគូសបញ្ជាក់ថា ៖ «យើងមានការព្រួយបារម្ភខ្លះដែរ ព្រោះមកទល់នឹងបច្ចុប្បន្ននេះ កសិករដាំដុះមៀនប៉ៃលិន មិនទាន់បានទៅចុះបញ្ជី ដើម្បីរៀនសូត្រពីការអនុវត្តកសិកម្ម ល្អបាន ច្រើននៅឡើយទេ។ ម្យ៉ាងវិញទៀត បញ្ហាទឹកក៏អា ច ធ្វើឱ្យគុណភាពផ្លែមៀនអន់ថយបានដែរ ដែលបញ្ហានេះ យើងកំពុងពិភាក្សាជាមួយមន្ទីរកសិកម្ម»។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមហ៊ុន ចំនួនប្រាំពីរនិងកសិដ្ឋានចំនួន៦៤ ដែលទទួលបានការ អនុញ្ញាត ក្នុងការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារ ប្រទេសចិន នារដូវប្រមូលផល កាលពីខែដើមខែតុលា ឆ្នាំ២០២២កន្លងទៅ។
បើតាមតំណាងក្រុមហ៊ុនឆាយណា ជីនវ័រយាន គិតមកដល់ ពេលនេះ ការនាំចេញផ្លែមៀនស្រស់តាមរយៈក្រុមហ៊ុននេះ បានចំនួនប្រមាណជាង ២ ០០០ តោនហើយ ដោយក្នុងមួយ ថ្ងៃក្រុមហ៊ុនអាចនាំចេញបានពីមួយទៅពីរ កុងតឺន័រ ដោយមួយ កុងតឺន័រស្មើនឹងជិត២៥តោន។
លោក ចំរើន អះអាងថា ក្រុមហ៊ុនមិនមានផែនការកំណត់ ទិញផ្លែ មៀនស្រស់នៅក្នុងឆ្នាំ២០២៣នេះទេ ដោយក្រុមហ៊ុន ប្រមូលទិញពីកសិករ ទៅតាមចំនួនដែលកសិករប្រមូល ផល បាន ដែលមិនមានការកំណត់បរិមាណឡើយ។ ផ្លែមៀន ស្រស់ បានក្លាយជាផលិតផលកសិផលទី៣ របស់ កម្ពុជាដែលអាចនាំទៅលក់នៅទីផ្សារចិនជាផ្លូវការកាលពីដើមខែតុលា ឆ្នាំ២០២២ បន្ទាប់ពីផ្លែស្វាយ និងចេក។
កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅថ្មីៗនេះ មៀនប៉ៃលិនរបស់ កម្ពុជា ទើបតែបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ដែលការ លក់ជាផ្លូវការលើទីផ្សារអនឡាញ Alibaba Group របស់ ចិននេះ ត្រូវបានសាទរយ៉ាងខ្លាំងពីភាគីចិននិងកម្ពុជា។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម បានបង្ហាញ បច្ចុប្បន្ន ការដាំមៀនប៉ៃលិនកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគ ច្រើន ដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ ក្នុងនោះខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប្រមាណ ៥ ០០០ ហិកតា, ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះមៀនប្រមាណជិត៧ ០០០ ហិកតា និងបន្ទាយមានជ័យជិត ២ ០០០ហិកតា។មៀនប៉ៃលិននេះផ្តល់ផលជាមធ្យមពី ៧៣០ តោនក្នុងមួយ ហិកតា អាស្រ័យលើការថែទាំ៕
ដោយ៖វណ្ណ សុជាតា