ប៉ូឡូញស្នើ អ.ស.ប ជួយជំរុញឱ្យអាល្លឺម៉ង់សងសំណងអំឡុងសង្គ្រាមលោកលើកទី ២
វ៉ាសូវី ៖ ប៉ូឡូញបានស្នើសុំការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ (UN) ជុំវិញសំណងសង្គ្រាមលោកលើកទី ២ ជាមួយប្រទេសអាល្លឺម៉ង់។
អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក អាខេឌៀស ម៊ូឡាហ្ស៊ីក បានថ្លែងក្នុងសន្និសិទសារព័ត៌មានថា ប្រព័ន្ធអង្គការសហប្រជាជាតិផ្តល់ឧបករណ៍សម្រាប់កិច្ចសន្ទនា ក៏ដូចជាការណែនាំសហគមន៍អន្តរជាតិ អំពីទំហំនៃការខូចខាតដែលបណ្តាលមកពីការឈ្លានពាន និងការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសម័យសង្គ្រាម ហើយប៉ូឡូញមានបំណងប្រើប្រាស់វា។
បន្ទាប់មក លោក ម៊ូឡាហ្ស៊ីក បានបង្ហោះរូបថតសំបុត្រមួយច្បាប់ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលប៉ូឡូញបានបង្ហាញរបាយការណ៍ដែលរៀបរាប់លម្អិត អំពីការខាតបង់សម្ភារៈដែលប៉ូឡូញ បានរងទុក្ខវេទនាក្នុងអំឡុងសង្គ្រាមលោកលើកទី២ រួមជាមួយនឹងការសន្យាទាមទារប្រាក់សំណងពី អាល្លឺម៉ង់រហូតដល់ ១.៤ទ្រីលានដុល្លារអាមេរិក។
ហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសប៉ូឡូញបានផ្ញើកំណត់ហេតុការទូតមួយទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារសំណងសម្រាប់ការខូចខាត។
ដោយឡែកកាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ ក្រសួងការបរទេសអាល្លឺម៉ង់បានឆ្លើយតបទៅនឹងការទាមទារប្រាក់សំណងសម័យសង្គ្រាមលោកលើកទី ២ ដោយបញ្ជាក់ថា “បញ្ហានៅតែបិទ”។ យ៉ាងណាមិញ លោក ម៊ូឡាហ្ស៊ីក បាននិយាយថា ប្រការនេះបង្ហាញពី “អាកប្បកិរិយាមិនគោរព” ចំពោះប៉ូឡូញ និងប្រជាជនរបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា