នាយករដ្ឋមន្រ្តីអ៊ុយក្រែន គូសបញ្ជាក់ពីផែនការអាទិភាពសំខាន់ៗរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៣
កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននី ស៉្មីហែល នៅថ្ងៃអង្គារសប្តាហ៍នេះ បានគូសបញ្ជាក់អំពីផែនការអាទិភាពសំខាន់ៗចំនួន ១០ របស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៣ រួមទាំងការគាំទ្រដល់កងទ័ព និងវិស័យសន្តិសុខ ព្រមទាំងវិស័យការពារជាតិទាំងមូល។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននី ស៉្មីហែល បានបញ្ជាក់នៅលើបណ្តាញសង្គមតេលេក្រាមយ៉ាងដូច្នេះថា ឆ្នាំ ២០២៣ គួរតែជាឆ្នាំនៃជ័យជំនះរបស់អ៊ុយក្រែន… យើងធ្វើបានល្អបំផុតសម្រាប់រឿងនេះ។ លោក ស៉្មីហែល បានកត់សម្គាល់ថា ការធ្វើសមាហរណកម្មទៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូក៏ជាគោលដៅកំពូលសម្រាប់អ៊ុយក្រែនផងដែរ។
ក្នុងចំណោមផែនការអាទិភាពនានា ក្នុងនោះក៏មានការស្តារប្រទេសឡើងវិញក្រោយជម្លោះជាមួយរុស្ស៊ី, សន្តិសុខថាមពល, ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងការគាំទ្រដល់អតីតយុទ្ធជនសង្គ្រាម។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបានបន្ថែមទៀតថា រដ្ឋាភិបាលក៏នឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យអប់រំ និងការអនុវត្តវិមជ្ឈការ, សោធននិវត្តន៍ និងកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា