សាធារណរដ្ឋឆែកសម្លាប់មាន់ជាង ២២ម៉ឺនក្បាល ក្រោយផ្ទុះជំងឺផ្តាសាយបក្សី
ប្រាក៖ រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) បានបញ្ជាក់ថា សត្វមាន់រហូតដល់ ២២០,០០០ក្បាលនឹងត្រូវសម្លាប់ចោលនៅសាធារណរដ្ឋឆែក ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។
មេរោគផ្តាសាយបក្សីប្រភេទ H5N1 ត្រូវបានរកឃើញនៅក្នុងភូមិ Brod nad Tichou ក្នុងតំបន់ Plzen ភាគខាងលិចរបស់ប្រទេសកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ កសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៥០,០០០ក្បាលនៅក្នុងសាលចែកជាបី។ ដើមឡើយ មាន់ប្រហែល ១២០,០០០ក្បាលនៅក្នុងសាលមួយដែលរងផលប៉ះពាល់នឹងត្រូវសម្លាប់។
រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការធ្វើតេស្តដែលបានធ្វើឡើងនៅក្នុងសាលពីរទៀតដែលនៅសល់ គឺអវិជ្ជមាន គិតមកទល់ពេលនេះ ហើយថា តំបន់ហាមឃាត់ត្រូវបានបង្កើតឡើងនៅជុំវិញកសិដ្ឋាន ហើយវិធានការពេទ្យសត្វសង្គ្រោះបន្ទាន់ត្រូវបានធ្វើឡើង។ បើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីខាងលើនេះ គឺជាការឆ្លងរីករាលដាលធំបំផុតសម្រាប់សាធារណរដ្ឋឆែក។
សូមបញ្ជាក់ថា សាធារណរដ្ឋឆែកបានរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ៩លើកហើយ ចាប់តាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។ នេះបើយោងតាមរដ្ឋបាលពេទ្យសត្វរដ្ឋ (SVS)។ កាលពីដើមខែមុន ពេទ្យសត្វឆេកបានសម្លាប់ទាប្រហែល ១៥,០០០ក្បាលនៅឯកសិដ្ឋានមួយកន្លែងក្នុងតំបន់ Bohemian ភាគខាងត្បូងនៃប្រទេស។ នៅពាក់កណ្តាលខែធ្នូ អាជ្ញាធរបានដាក់បម្រាមទូទាំងប្រទេសលើការចិញ្ចឹមមាន់ក្រៅផ្ទះ ដើម្បីទប់ទល់នឹងការកើនឡើងជំងឺផ្តាសាយបក្សីដែលរីករាលដាលខ្លាំងនៅក្នុងប្រទេស៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា